លោករដ្ឋមន្ត្រី លឹម គានហោ អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម Kyong Ryung Seong ប្រធានក្រុមប្រឹក្សា បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម Kyong Ryung Seong ប្រធានក្រុមប្រឹក្សា បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះ បានធ្វើឡើងតាមសំណើរបស់រាជបណ្ឌិត្យសភាកម្ពុជា និងក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីមួយចំនួនទៀត។

លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ ដែលបានអម ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេល ដើម្បីពិភាក្សាការងារដោយឡែក ជាមួយក្រសួងធនធានទឹក និងឧតុនិយម។ លោករដ្ឋមន្រ្តី បានជម្រាបអំពីទីតាំងភូមិសាស្រ្ត បេសកកម្ម សមិទ្ធផលការងាលើវិស័យធនធានទឹកនិងឧតុនិយមដែលសម្រេចបាន បញ្ហាប្រឈម ក៏ដូចជាទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាព នាពេលបច្ចុប្បន្ន និងចំពោះមុខ ក្នុងការរួមចំណែកអភិវឌ្ឍ និងបន្តជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត។ តាងនាមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ដែលបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។

លោក Kyong Ryung Seong បានថ្លែងអំណរគុណជូនចំពោះលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបពិភាក្សាការងារនាពេលនេះ និងបានជម្រាបអំពីបេសកកម្មរបស់គណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ មកកម្ពុជា គឺដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះ ក៏មានក្រសួងធនធានទឹក និងឧតុនិយម ផងដែរ។ លោកបានជម្រាបអំពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៅសាធារណរដ្ឋកូរ៉េ និងបញ្ហាប្រឈមដែលជួបប្រទះ និងវិធានការដោះស្រាយ នាពេលកន្លងមក បច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត និងបានជម្រាបអំពីក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ ថាជាស្ថាប័នស្រាវជ្រាវដ៏ធំមួយ ដែលប្រមូលផ្តុំដោយវិទ្យាស្ថានស្រាវជ្រាវ និងសិក្សាគោលនយោបាយសំខាន់ៗរបស់សាធារណរដ្ឋកូរ៉េ ជាសេនាធិការ និងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ការិយាល័យប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារសំខាន់នៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ តាមរយៈការបង្កើតឲ្យមានក្រុមការងារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកទេស និងសង្គម ដែលនឹងប្រមូលចងក្រងនូវរាល់ចំណេះដឹងបែបវិទ្យាសាស្រ្តនិងបច្ចេកទេសដែលមានស្រាប់ និងថ្មីៗ ដើម្បីបង្កើតជាមូលដ្ឋានចំណេះដឹងសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ឲ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាធារណៈរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងសមត្ថភាពលើការសិក្សាស្រាវជ្រាវនិងជំនាញផ្នែកបច្ចេកទេសសម្រាប់មន្រ្តីក្រសួង ក៏ដូចជារាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបំពេញការងារលើការសិក្សាស្រាវជ្រាវឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀតសម្រាប់ពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាការឆ្លើយតប លោក Kyong Ryung Seong បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ក្រសួងលើការសិក្សាស្រាវជ្រាវ ដែលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មរបស់ក្រសួង និងវិស័យពាក់ព័ន្ធផ្សេងទៀត។ លោក បានទទួលយកនូវសំណើរបស់លោករដ្ឋមន្រ្តីក្នុងការជួយពង្រឹងសមត្ថភាពនិងកិច្ចសហការលើការសិក្សាស្រាវជ្រាវលើវិស័យធនធានទឹក។

លោករដ្ឋមន្រ្តី និងលោក Kyong Ryung Seong បានសំដែងនូវការពេញចិត្តចំពោះកិច្ចជំនួប ដែលមានលក្ខណៈសិ្នតស្នាល និងបង្ហាញនូវការប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបន្តទៀត ដើម្បីធ្វើឲ្យផ្នែកសិក្សាស្រាវជ្រាវ ដើរតួនាទីកាន់តែសំខាន់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍតាមវិស័យជំនាញនីមួយៗ ប្រកបដោយចីរភាព ។ តបតាមការអញ្ជើញរបស់លោក Kyong Ryung Seong លោករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារទៅកាន់សាធារណរដ្ឋកូរ៉េ ក្នុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ពេលអនាគត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print