ភ្នំពេញ៖ នៅវេលាម៉ោងជាង៩៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា អញ្ជើញចូលគាល់ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោកមូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបសំណេះសំណាលជាមួយនឹង វិនិយោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទានអាហាររួមគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
នៅព្រឹកនេះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីលោក ចូលគាល់ព្រះមហាក្សត្រ តាមកម្មវិធី គឺលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបន្តមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព៕
ដោយ៖ សុខ ខេមរា