បើករថយន្ត​​ចូលក្រុង​ខុសម៉ោង ត្រូវ​អាជ្ញាធរ​​ជិះ​ដេញ​ចាប់​វាយ​តៃកុង​បែកក្បាលដេរអស់​៦​ថ្នេរ​នៅខណ្ឌឫស្សីកែវ រួចបញ្ចូន

ចែករំលែក៖

 ភ្នំពេញ​៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់​ជាតៃកុង​រថយន្ត​ស្ទូច​ធន់ធំ​មួយ​គ្រឿង ត្រូវបានអាជ្ញាធរវាយ​ឲ្យ​រងរបួស​បែក​ក្បាល​ដេរ​អស់​៦ថ្នេរ​ខណះបេីក​រថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​មិន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់​ហេីយ​ត្រូវអាជ្ញាធរ​មាន​សមត្ថកិច្ច​កាក់ឃាត់មិន​ឈប់ កាលពី​វេលាម៉ោង​៨និង២០នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្តុប​អតីតក​រង្វង់​មូល​កាំខូស៊ីតធី​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​  រាជធានីភ្នំពេញ។
     តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេឃេីញ​បុរស​ពីរ​នាក់​បេីកបរ​រថយន្ត​ស្ទូចធន់ធំ​មួយ​គ្រឿង​ម៉ាក​ ឌីវ៉ូរ​ ពណ៌​ស​ ជាប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេងទ្រី​ គ្មានស្លាកលេខ​ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិសមកពី​ហ្គេនភ្នំពេញ​ឆ្ពោះ​មក​អតីត​​រង្វង់​មូល​កាំខូស៊ីតធី​ រួម​ទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោកមួយរូប​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលេី​ផងដែរ​។ លុះមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ស្ទូច​ខាងលេី​ក៏​បាន​ឈប់​ស្តុប​ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​កាក់​ចំពីមុខរថយន្ត​ ហេីយ​បាន​ដកកាំភ្លើង​ភ្ជង់​គំរាម​តៃ​កុង​រថយន្ត​ខាងលេី​ឲ្យចុះមក​ខាង​ក្រោម​។ បន្ទាប់​មក​តៃកុង​រថយន្ត​នោះ​ក៏បាន​ចុះមកពី​លេី​រថយន្ត​រួចក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដែល​ជិះដេញតាម​ បាន​ចាប់​គ្រាក់​តៃកុង​រថយន្ត​ជាប់​ ហេីយ​ចំណែកឯ​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​ទៀត​ដែល​ជិះដេញ​មក​ជាមួយ​ ក៏​បានយក​កាំភ្លើង​វាយ​ទៅ​លើ​ក្បាល​តៃកុង​រថយន្ត​ស្ទូច​ខាងលេី​បណ្ដាល​ឲ្យ​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន​ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វេី​ដំណេីរ​តាម​ដងផ្លូវ​និង​រស់នៅ​ជុំវិញកន្លែងកេីត​នាំ​គ្នា​ចោមរោម​មើល​។
     បន្ទាប់មក​ក៏​មានកម្លាំងសមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រេីន​រូបបាន​ចុះមក​ដល់​កន្លែង​កើតហេតុ​ ហេីយ​ក៏បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន​ សម្ភព​ពន្លឺ​ ដែល​នៅក្បែរ​នោះ​ដេីម្បី​ធ្វេីការ​ព្យាបាល​។​ ដោយ​ឡែក​មន្ត្រី​កងរាជ​អាវុធហត្ថ​ដែល​ប្រេីប្រាស់​ អំពេីហិង្សា​ទៅ​តៃកុង​រថយន្ត​បណ្ដាល​ឲ្យ​រង​របួស​ បាន​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ​បន្ទាប់​ពី​មាន​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។
     ក្រោយ​ពេលកេីតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះមក​ធ្វើការ​យក​ស្ទូច​ខាងលេី​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​បញ្ជាក់​ថា​រថយន្ត​នោះ​មាន​កំហុស​អ្វី​នោះទេ​៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print