បាញ់៦គ្រាប់ផ្ទុះ៣គ្រាប់ ប្លន់ម៉ូតូ នៅទឹកដីសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីមកពីបេីកថ្នាំអោយម្តាយឆ្លៀត រត់ឌុបប៉ះចំចោរប្លន់ប្រដាប់អាវុធ ឌុបដល់កន្លែងស្ងាត់ ធ្វើសកម្មភាពបាញ់ប្លន់ប៉ុនប៉ងយកម៉ូតូសេ១២៥ តែមិនបានសម្រេច ប្រតាយប្រតប់គ្នា រហូតដល់ដកកាំភ្លើងបាញ់៦គ្រាប់ ផ្ទះ៣គ្រាប់ ត្រូវក្បាលដៃ និងស្មា រងរបួសធ្ងន់ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ចោរភ័យ បោញកាំភ្លើង ចោល រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ម៉ន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ត្នោត១ដើម ឃុំ ព្រះខែ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់តែយកមិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៧ កំពង់ស្ពឺ 1E-3900 ។ បន្សល់ទុកកាំភ្លើងខ្លីម៉ាក រ៉ូឡូ១ដើម គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ក្បាលគ្រាប់១ ជនរងគ្រោះរងរបួសក្បាលពីចំហៀងខាងឆ្វេង១គ្រាប់ កដៃស្តាំ១គ្រាប់ ស្មាខាងឆ្វេង១គ្រាប់ រងរបួសធ្ងន់ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះត្រូវបានម្តាយនៅឯស្រុកប្រើឲ្យទៅបើកថ្នាំនៅមន្ទីរ ពេទ្យរុស្សី ។ លុះវិលត្រឡប់មកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច មកដល់ចំណុចចំណតរថយន្តក្រុង លូ៥ ភូមិដំណាក់ធំ៣ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានជនសង្ស័យម្នាក់ ហៅឲ្យឌុបជូន ទៅខាងក្រោយសួនកាណាឌីយ៉ា ក្នុងតម្លៃ៤០០០រៀល ដោយគិតថាក្បែរផ្ទះរបស់ខ្លួនដែរ ឌុបមកដល់ចំណុចកើតហេតុ ចំកន្លែងចាក់សម្រាមស្ងាត់ ជនសង្ស័យឲ្យឈប់ ដកកាំភ្លើងភ្ជង់តែម្តង ប្លន់យកម៉ូតូ ក្នុងសភាពបែបនេះ ប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ ឈានដល់បាញ់៦គ្រាប់ ផ្ទះ៣គ្រាប់ ត្រូវជនរងគ្រោះ៣កន្លែង ស្មារតីនៅរឹង ប្រតាយប្រតប់ រហូតធ្លាក់កាំភ្លើង នៅកន្លែងកើតហេតុ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យភ័យរត់គេចខ្លួនចូលទៅខាងដី ខណ្ឌមានជ័យបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យ ក្បែរប៉ុស្តិ៍ចោមចៅ១ ជាមុនសិន និងដាក់ពាក្យ​បណ្តឹង ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ ។ សមត្ថកិច្ច ក្រោយពីកើតហេតុ កំពុងធ្វើការសាកសួរ ជុំវិញ រឿងហេតុខាងលើ ដើម្បីកំណត់មុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print