ភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌដង្កោ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ និងនាយកសាលាទាំងអស់ទូទាំងខណ្ឌ។
លោកអភិបាលខណ្ឌ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានធ្វើការណែនាំដល់អង្គប្រជុំ លើការងារសំខាន់ៗចំពោះមុខមួយចំនួន ដូចខាងក្រោម ពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋានតាមរយៈការអនុវត្តគោលនិយោបាយភូមិសង្កាត់មានសុវត្ថិភាព ការលប់បំបាត់រាល់ល្បែងស៊ីសងនានា បង្កា និងបង្ក្រាបទាន់ពេលវេលាចំពោះបទល្មើសគ្រឿងញៀន ទប់ស្កាត់ និងអនុវត្តឲ្យបានគោលនិយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៩ចំណុច។ លោក តិមា សោភា អភិបាលរងខណ្ឌ ត្រូវមើលរថយន្តដឹកដី ខ្សាច់ ដែលធ្លាក់តាមផ្លូវ និងខុសពីបច្ចេកទេសដឹកជញ្ជូន ត្រូវឃាត់យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីជាការព្រមាន ។ ចំពោះសំរាមត្រូវសហការជាមួយសង្កាត់ និងក្រុមហ៊ុនស៊ីនទ្រី ប្រមូលនៅតាមទីសាធារណៈ និងតាមដងផ្លូវ ត្រូវចាត់វិធានការឲ្យភ្នាក់ងារផាកពិន័យ ធ្វើការផាកពិន័យទៅតាមកំណត់ច្បាប់។ ទប់ស្កាត់នូវរាល់សំណង់ទាំងអស់ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត សាងសង់នៅលើដីសាធារណៈរបស់រដ្ឋ ដូចជាចំណីស្ទឹង ប្រឡាយជាដើម និងសំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាត មិនឲ្យកើតមាននៅក្នុងមូលដ្ឋាន ហើយលោកអភិបាលរង ប្រាជ្ញ សីហា និងលោកប្រធានការិយាល័យភូមិបាលខណ្ឌត្រូវទទួលខុសត្រូវលើការងារនេះ។
ជាមួយគ្នាដែល លោកចៅសង្កាត់ទាំង១៣ ប្រធានការិយាល័យភូមិបាលខណ្ឌ លោកអភិបាលរងទទួលបន្ទុកការងារសំណង់ ក៏បានធ្វើការចុះហត្ថលេខារួមគ្នា លើលិខិតប្តេជ្ញាចិត្ត ស្តីពីការទប់ស្កាត់បទល្មើសសំណង់ (ការសាងសង់គ្មានលិខិតអនុញ្ញាត និងការសាងសង់ខុសពីលិខិតអនុញ្ញាត) ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានប្រគល់លិខិតសរសើរ និងថវិកាលើកទឹកចិត្តជូនដល់សង្កាត់ដែលបានទទួលជ័យលាភី ក្នុងការអនុវត្តគោលនិយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយក្នុងនោះសង្កាត់ចំនួន ០៧ទទួលបានជ័យលាភីលេខ១ និងសង្កាត់ចំនួន ០៦ផ្សេងទៀត ទទួលបានជ័យលាភីលេខ២។ ជឹម ភារ៉ា