ខេត្តកំពង់ធំ ៖ ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល ស្នើដល់អង្គការ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់បងប្អូន ដែល កំពុងប្រកបរបរអាជីវកម្មព្រៃឈើ ដើម្បីចិញ្ចឹមជីវិតនោះ គួរងាកទៅប្រកបរបរកសិកម្ម ជំនួសវិញ ដើម្បីលើកស្ទួយដល់ជីវភាពនៅក្នុងគ្រួសារ។ មានព្រះរាជបន្ទូលនៅក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវដល់អង្គការជាតិ និង អន្តរជាតិ ព្រមទាំងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយដល់បងប្អូនដែលកំពុងប្រកបរបរអាជីវកម្មព្រៃឈើ ដើម្បីចិញ្ចឹមជីវិតនោះ គួរងាកទៅប្រកបរបរ កសិកម្មជំនួសវិញ ដើម្បីលើកស្ទួយដល់ជីវភាពនៅក្នុងគ្រួសារ។
ព្រះអង្គបានមានព្រះរាជបន្ទុលកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការជាក់លាក់សម្រាប់គ្រប់គ្រងព្រៃឈើ ទៅតាមច្បាប់ ដោយ បានកំណត់ និងចង្អុលបង្ហាញជូនប្រជាជនអំពីដីលំនៅដ្ឋាន ដីប្រកបរបរកសិកម្ម និងដីព្រៃឈើ ដោយចៀសវាង ការចាប់យកដីតាមអំពើចិត្ត ដែលផ្ទុយនឹងច្បាប់ ស្តីពីព្រៃឈើ និងច្បាប់ជាធរមានផ្សេងៗទៀត បើពុំដូច្នេះទេ ការដាំ ដុះព្រៃឈើ និងការប្រារព្ធ បុណ្យរុក្ខទិវា នឹងមិនមានប្រយោជន៍អ្វីទេ បើការកាប់បំផ្លាញព្រៃឈើនៅតែមាននោះ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការៈ មានព្រះរាជបន្ទូលថា ពិធីបុណ្យរុក្ខទិវា ជាវប្បធម៌ ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិយើង តាំងពីសម័យសង្គមរាស្ត្រ និយមមកម្ល៉េះ។
តាមរបាយការណ៍របស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ រដ្ឋបាលព្រៃឈើ ដែលជាអង្គការជំនាញរបស់ក្រសួង បានអនុវត្ត ការងារជាច្រើន ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់រួមមាន ការបោះបង្គោលព្រំប្រទល់ ដែនបម្រុងទុក អចិន្ត្រៃយ៍បានចំនួន ១ពាន់ ៤៧៣វបង្គោល ដែលមានប្រវែង ១៦០គីឡូម៉ែត្រ។ បង្កើតតំបន់ព្រៃការ ពារ សម្រាប់អភិរក្សធនធានសេនេទិច រុក្ខជាតិ និងសត្វព្រៃ សៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុង ទំហំផ្ទៃដី ៦ម៉ឺន ៦ពាន់ ៩៣២ហិកតា ដោយបានដាំព្រៃឈើជាចម្ការលើផ្ទៃដីសរុបទំហំ ៥ពាន់ ៨៨២ហិកតា ក្នុងនោះ រដ្ឋបាលព្រៃឈើ ដាំបាន ៤០០ហិកតា ក្រុមហ៊ុនវិនិយោគ ឯកជនដាំបាន ៥ពាន់ ៤៨២ហិកតា។
ទន្ទឹមនេះ បានបណ្តុះកូនឈើ នៅតាមទីកន្លែងក្នុង ប្រទេសជាង ៤លានដើម និងបានចែកជូនបងប្អួនប្រជាជនដាំនៅតាមទីសាធារណៈ បាន ជាង ៤លានដើម ព្រមទាំងបានបង្កើតសួបអាពាហ៍ពិពាហ៍ ១២កន្លែង លើផ្ទៃដី ៩៧ ហិកតា។ ជាមួយគ្នានេះ ក្រសួង បានបង្កើតសហគមន៍ព្រៃឈើចំនួន ១៩កន្លែង លើផ្ទៃដីសរុប ២ម៉ឺន ១ពាន់ ២៤ហិកតា និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ព្រៃឈើ ចំនួន ២២កន្លែង លើផ្ទៃដីសរុប ២ម៉ឺន ៦ពាន់ ៤៩២ហិកតា។
រហូតមកពេលនេះ អនុលោមតាមច្បាប់ ស្តីពីព្រៃឈើ និងតាមទិសស្លោក (សហគមន៍ព្រៃឈើ គ្មានបទល្មើស) សហគមន៍ ព្រៃ ឈើចំនួន ៤៨៤ ត្រូវបានបង្កើតឡើង និងបានពង្រឹងជាបន្តបន្ទាប់។ រីឯការផ្គត់ផ្គង់ឈើ មូល ឈើអារគ្រប់ប្រភេទ កូនឈើ និងអុសសម្រាប់ប្រើប្រាស់ក្នុងស្រុក គឺបានមកពីការ ឈូសឆាយសម្អាតដីក្នុងតំបន់សម្បទានសេដ្ឋកិច្ច សង្គមកិច្ច និងអាងស្តុកទឹក នៃគម្រោង វារីអគ្គិសនី។
គណៈប្រតិភូដង្ហែរព្រះរាជដំណើរព្រះករុណា ជាអម្ចាស់ជីវិតត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវានាពេលនេះ រួមមាន វត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ជាមួយគ្នានេះ ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក លោកជំទាវ អស់លោកលោកស្រី ជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ព្រមទាំង លោក អស់លោក ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ និងក្មួយសិស្សានុសិស្សយ៉ាងច្រើនកុះករ ក៏បានអញ្ជើញចូលរួមក្នុងពិធី បុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៥នេះផងដែរ ។
ស្ថិតនៅក្នុងឱកាសនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការៈ ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នូវព្រះរាជអំណោយដល់ដូនជី តាជី ជនពិការក្រីក្រ ប្រជារាស្ត្រក្រីក្រ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជន កាយរិទ្ធិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា លោក គ្រូអ្នកគ្រូ និងបុគ្គលិកពេទ្យ រួមមាន ថវិកា សម្ភារមួយចំនួនទៀត ៕ ហេង សូរិយា