សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ​ អញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងក្នុងសេចក្តីប្រកាសព័ត៌មានរួមហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលវេទិកានេះមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអ្នកវិនិយោគជាច្រើនទៀតនៃប្រទេសទាំងពីរ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះសំខាន់ៗដែលមានខ្លឹមសារថា៖

សម្តេចសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមាន​ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគកូរ៉េដែលបានធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលនេះ។

សម្តេចតេជោបន្តថា កម្ពុជា និងកូរ៉េ មានទំនាក់
ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា តែទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី៣០ ខែតុលាឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេចបានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដាឆ្នាំ១៩៩៦ និងបានសម្រេចឲ្យមានការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសាធរណរដ្ឋកូរ៉េដែលតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសកូរ៉េបានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណជា៣០០ លានដុល្លារអាមេរិក។ ជាងនេះទៅទៀតសម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េបានបន្តផ្តល់ឥណទានសម្បទានសរុបចំនួន ៧០០ លានដុល្លារអាមេរិកដែលរដ្ឋាភិបាលទាំងពីរទើបតែចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំនៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េដែលបានជួយដល់ការស្ដារ និងកសាងនិងអភិវឌ្ឍន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីសូមអោយវិស័យឯកជន និងអ្នកវិនិយោគកូរ៉េដែលមិនទាន់បានមកកម្ពុជាសូមអញ្ជើញមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផលប្រយោជន៍ជាអតិបរមា។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅដើម្បីកាត់
បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្តិការធុរកិច្ចរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដល់ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះយើងបានបង្កើតយន្តការសន្ទនាមួយហៅថា​ វេទិការាជរដ្ឋាភិបាលផ្នែកឯកជន​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន​ អភិបាលគ្រប់រាជធានីខេត្ត​ តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណជា៣០០នាក់ព្រមទាំងដៃគូរតំណាងស្ថាប័នអន្តរជាតិមួយចំនួនទៀតផងដែរ​ ដែលយន្តការនេះផ្ដល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងលើកវិធានការសមស្របដើម្បីដោះស្រាយបញ្ហាផ្សេងៗ។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ ហើយសម្តេចនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅជួយបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាពីការលំអ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកប
ដោយគុណភាពដល់ពលករកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​បានធានាដល់អ្នកវិនិយោគគ្រប់រូបនូវបរិយាកាសវិនិយោគ ប្រកបដោយភាពអំណោយផលជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព​ គណនេយ្យភាព​ និងភាពអាចប៉ាន់ប្រមាណបាន។

សម្តេចតេជោក៏សូមជូនពរដល់ធុរជនទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print