អ្នកទិញផ្ទះនៅ(បុរីពិភពថ្មីឈូកវ៉ា៣) ហួសចិត្តភ្លៀងមួយមេ ទឹកលេចហូរចូលពីលើពិដាន អំពូលភ្លើង ស្រក់ពេញបន្ទប់ ដូចងូតទឹកភ្លៀងក្នុងបន្ទប់ដេកបាន (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ការសាងសង់សំណង់ក្នុងបុរី ចេតនាឆ្លៀតកេងចំណេញបច្ចេកទេស ធ្វើចំណាយលុយតិច លក់បានថ្លៃ មានតែសោភ័ណភាព គ្មានគុណភាព ជាហានភ័យខ្ពស់សម្រាប់អតិថិជនជាវធ្វើលំនៅដ្ឋានស្នាក់អាស្រ័យ។ នេះមិនទាន់គិតដល់បញ្ហា ដែលអាចកើតមាន ស្រុត ប្រេះ ស្រាំ ជាដើមផង។ ជាក់ស្តែងគ្រាន់តែភ្លៀងយប់មិញ១មេ គឺយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២១៩ ផ្ទះល្វែងក្នុង(បុរីពិភពថ្មីឈូកវ៉ា៣) គឺមានទឹកភ្លៀងបានជ្រៀបចូលតាមពិដាន តាមអំពូល ក្នុងបន្ទប់ហូរដូចទឹកបាក់ទំនប់ រហូតដល់ម្ចាស់ផ្ទះហួសចិត្ត ថតបង្ហោះពីទិដ្ឋភាពជាក់ស្តែងដែលមានទឹកកំពុងហូរធ្លាក់ ជាមួយនិងពាក្យពេចន៍ ដ៏ផ្អែម តែបង្កប់ន័យជ្រៅ ថាខ្លួនបានឆ្លងហែលហើយនិងការរស់នៅក្នុងបុរីគ្មានស្តង់ដារគុណភាពនេះ។

នៅក្នុងហ្វេសប៊ុកមួយបានសសេរ និងបង្ហោះរូបភាពជាវីដេអូថា៖ សុំទោសម៉ោង ២ ក្នុង(បុរីពិភពថ្មីឈូកវ៉ា៣).. អគុណដល់ក្រុមការងារធ្វើផ្ទះដ៏ល្អឥតខ្ចោះ ថ្ងៃទីមួយនៃការភ្លៀងមួយមេធំ បានខ្ញុំដឹងថាផ្ទះដែលខ្ញុំនៅសព្វថ្ងៃនេះគឺជាផ្ទះដែលល្អផ្ដាច់គេក្នុងព្រះរាជាណាចក្រកម្ពុជា។

គាត់បានបន្តថា៖ នៅក្នុងផ្ទះសោះក៏អាចមុជទឹកភ្លៀងបានដែរ! អ្នកណាយល់អារម្មណ៍មួយនេះ ចំពេលដាច់ភ្លើងទៀត ព្រះអើយព្រះ ជាប់សសៃករ ហើយត្រូវជូតទឹកភ្លៀងទាំងខ្លួនឈឺ ចង់គ្រុនផ្ដាសាយហើយ។
គាត់បន្តដោយភាសាចំអកថា៖ និយាយមួយម៉ាត់ចុះ ពេលយើងពិបាកម្ចាស់បុរី និងជាង អត់មានមកពិបាកជាមួយយើងទេ តែយើងទេជាម្ចាស់ផ្ទះមកវេទនាជាមួយផ្ទះរបៀបនេះ! បើខូចឥវ៉ាន់ យ៉ាងច្រើនគេសុំទោស តែឯងរកលុយទិញចង់ងាប់ បើឆក់ងាប់វិញណា យ៉ាងច្រើនគេសងលុយ ជីវិតអើយជីវិត!
សុំទោសម្ចាស់បុរី វាជាអារម្មណ៍ខ្ញុំព្រោះអ្នកមិនធ្លាប់បានជួបប្រទះជីវិតបែបនេះទេ!
ពាក់ព័ន្ធនិងភាពតំអូញតំអែររបស់អ្នកជាវផ្ទះល្វែង ហើយជួបរឿងអពមង្គលផ្ទាល់ខ្លួននេះ អង្គភាព «នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេពីអ្នកឧកញ៉ាចិត្តធម៍ ចិត្តបុណ្យសប្បុរស ហុង ពីវ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។

ប៉ុន្តែបើអ្នកឧកញ៉ា ហុង ពីវ បានហែលឆ្លងនូវហេតុការបែបនេះដោយខ្លួនឯងវិញ ប្រាកដជាមានការតូចចិត្តមិនតិចទេ ត្រង់ថារកលុយលំបាកដើម្បីសន្សំទិញផ្ទះនៅ អ្វីដែលលំបាកជាងរកលុយទៅទៀតគឺ ទិញចំផ្ទះធ្វើអោយរួចពីដៃ ច្នៃតែសោភ័ណភាព តែគុណភាពគ្មាន ដូចជាភ្លៀងមួយមេសោះ ទឹកហូរចូលពេញបន្ទប់ទៅហើយ តើសេចក្តីសុខ ការរំងាប់ចិត្ត មាននៅត្រង់ណាក្នុងអារម្មណ៍។ ពេលខ្លះអ្នកទិញផ្ទះល្វែងនៅ(បុរីពិភពថ្មីឈូកវ៉ា៣) និយាយផ្អែមមែន តែប្រកបដោយការឈឺចាប់ចាញ់បោកនាយទុន ឬញញឹមមែន តែបេះដូងយំ ៗត្រង់ប្រឹងរកលុយទិញផ្ទះដ៏លំបាក ទីបំផុតមកជួបរឿងបែបនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print