ស្ថានភាពនៅតាមបណ្តោយព្រំដែនឥណ្ឌា ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេល ដែលប្រទេសទាំងពីរ ឈានដល់ការប្រើប្រាស់ មីស៊ីល ។ សហគមន៍អន្តរជាតិ បង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ក្រោយការប្រើប្រាស់មីស៊ីល អាចជំរុញប្រទេសទាំងពីរធ្លាក់ក្នុងស្គ្រាមទ្រងទ្រាយធំ នឹងប្រើប្រាស់អាវុធទំនើបៗជាងនេះ ។ អ្វីដែលបារម្ភបំផុតនោះគឺអាវុធបរមាណូ ដែលប្រទេសទាំងពីរមានប្រហាក់ប្រហែលគ្នា អាចបំផ្លាញប្រទេសទាំងពីរ ដូចគ្នា។
ការប្រឈមមុខរវាងឥណ្ឌានិងប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនអាចលើសពីសម្ថភាពគ្រប់គ្រងប្រសិនបើ មិនមានការលូកដៃពីការក្រៅទប់ស្កាត់ស្ថានការណ៍ទេនោះ ។ ការប្រឈមមុខតានតឹង រវាងឥណ្ឌាប៉ាគីស្ថាន បានផ្ទុះឡើងតាំងពីចុងខែ កុម្ភៈ រហូតមកទលពេលនេះ ។កាលពីថ្ងៃទី២៧ខែកុម្ភៈឥណ្ឌានិងប៉ាគីស្ថានបានបញ្ជូនយន្តហោះចម្បាំងទៅប្រឈមមុខដាក់គ្នានៅតំបន់កាស្មៀរ។
ស្ថានភាពកាន់តែអាក្រក់ទៅក្រោយពេលយន្តហោះចម្បាំងរបស់ឥណ្ឌា បានបើកការវាយប្រហារទៅលើទីតាំងក្នុងប្រទេសប៉ាគីស្ថាន ដែលរដ្ឋាភិបាលឥណ្ឌាចាត់ទុកដាជាទីកន្លែងហ្វឹកហាត់ដល់ក្រុមភេរវកម្មដើម្បីវាយប្រហារទៅលើទីតាំងក្នុងប្រទេសឥណ្ឌា។ នេះការប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានចាប់តាំងពី ឆ្នាំ១៩៧១មកទលពេលនេះ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តីរដ្ឋមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា ឥណ្ឌា បានបាញ់មីស៊ីល៦គ្រាប់ទៅលើទីតាំងនៅក្នុងទឹកដីប៉ាគីស្ថាន។ ចំណែកប៉ាគីស្ថានវិញក៏បានតបតវិញដោយបាញ់មីស៊ីលច្រើនជាង ឥណ្ឌាដល់ទៅ៣ដង ជាការព្រមានដល់រដ្ឋាភិបាលទីក្រុងញ៉ូវដេលី។
រដ្ឋមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា«យើងបាននិយាយហើយថា បើអ្នកបាញ់មីស៊ីលមកលើទឹកដីយើងមួយគ្រាប់ យើងនឹងបាញ់សងវិញ៣គ្រាប់ »។
ការប្រឈមមុខតានតឹង កំពុងតែជម្រុញឲ្យប្រទេសទាំងពីរឈានទៅរកសង្គ្រាមជាទ្រងទ្រាធំមិនធ្លាប់មាននៅក្នុងតំបន់កាស្មៀរ ដែលប្រទេសទាំងពីរបានប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួន ជាចំណុចគ្រោះថ្នាក់បំផុត ដល់តំបន់និងពិភពលោកទាំងមូល។
នៅពេលនេះភាពតានតឹងមិនត្រឹមតែស្ថិតនៅលើការគំរាមកំហែងនោះឡើយគឺបានឈានដល់ ដំណាក់កាលប្រើអាវុធដាក់គ្នា ៕