ភ្នំពេញ៖ តួឯកស្រីក្នុងភាពយន្តភាគថ្មីរឿង”មិត្តឫស្យា”របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺកញ្ញា រចនា រ៉ាវឌី បានផ្លាស់ប្តូររសជាតិសម្តែងជាថ្មីពីតួចរិកកាចឆ្នាសឆ្នើមមកជាតួអង្គស្លូតបូតគួរឲ្យអាណិត។ តារាស្រីវ័យក្មេងកំពុងលេចធ្លោររូបនេះហាក់មានជំនឿជាក់ខ្ពស់លើការសម្តែងរឿងថ្មីរបស់ខ្លួនថានឹងអាចជួយឲ្យនាងកាន់តែល្បីឈ្មោះតាមរយៈសាច់រឿងដ៏ទាក់ទាញ គុណភាពភាពយន្ត និងប្រមូលផ្តុំសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើន។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៦ មីនា ក្នុងឱកាសជួបជុំជប់លាងបញ្ចប់ការផលិត ដែលចូលរួមដោយផលិតករ ក្រុមការងារ និងសិល្បករក្នុងរឿងខាងលើ។ កញ្ញា រចនា រ៉ាវឌី បញ្ជាក់ថា ជារសជាតិថ្មីមួយទៀតសម្រាប់អាជីពស្តែងរបស់នាងគឺតួអង្គស្លូត ស្លូតយកតែមែនទែន រហូតមិត្តភ័ក្កិកៀកកិតជិតខ្លួនឆក់យកប្តីខ្លួនឯងបាត់។ នាងថាបើទោះបីជាកន្លងទៅនាងធ្លាប់ទទួលបានការគាំទ្រខ្លាំងនឹងការសម្តែង តួអង្គបែបកាចឆ្នាសឆ្នើម ប៉ុន្តែងាកមករឿងនេះសាច់រឿងមិនធម្មតាដែរ ហើយនាងហាក់មានទំនុកចិត្តច្រើនសម្រាប់ការសម្តែង។ នាងទទួលស្គាល់ថាការសម្តែងបែបកាចគឺមានភាពងាយស្រួលជាង ប៉ុន្តែក្នុងនាមជាតារាសម្តែងក៏មិនអាចជំនាញតែការសម្តែងអត្តចរិកតួអង្គតែមួយមុខទេ។ កាន់តែស៊ីចង្វាក់គ្នាគឺក្រោយពីជួបជាមួយដៃគូសម្តែង ដែលធ្វើឲ្យនាងពេញចិត្តកាន់តែខ្លាំងគឺមានដូចជាកញ្ញា យ៉ែម ស្រីពេជ្រ លោក មុំ សុធារ៉ា លោក សុធាពិសិដ្ឋ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតនៅក្នុងភាពយន្តនេះ។
ផលិតករ និងជាអ្នកដឹកនាំភាពយន្តរឿង”មិត្តប្ញស្យា” លោក បានកោតសរសើរអំពីសមត្ថភាពរបស់តារាសម្តែងប្រុសស្រីកម្ពុជាថា មានសមត្ថភាពសម្តែងបានល្អ បើទោះបីជាពួកគេរវល់នឹងការងារជាច្រើនក្តី។ លោកបញ្ជាក់ថា ជាភាពយន្តដែលមានខ្លឹមសារអប់រំល្អ ឆ្លុះបញ្ចាំងអំពីបុណ្យ បាប កម្មពា អំពីជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ន រួមទាំង ឈុតឆាកច្រណែនឈ្នានីសកាន់តែធ្វើឲ្យភាពយន្តនេះកាន់តែមានរសជាតិសម្បូរបែប ។ លោករំពឹងថាភាពយន្តភាគខ្មែរទី១៩ដែលទើបនឹងបញ្ចប់ការផលិតនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយ វឌ្ឍនា