ភ្នំពេញ៖ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើននាក់ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកភ្លាមៗ បន្ទាប់ពីជនសង្ស័យមួយក្រុមបាញ់សម្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូមួយគ្រឿងយ៉ាងសាហាវកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ធ្នូ ២០១៥ នៅចំណុចមុខផ្ទះលេខ២២បេ ផ្លវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ កិច្ចប្រតិបត្តិការក្តៅគគុកនេះធ្វើឲ្យក្រុមចោរប្លន់ស្លាប់ពីរនាក់ ចាប់រស់៤នាក់ ក្នុងនោះមានស្រី២នាក់ រឹបអូសម៉ូតូ៤គ្រឿង មានមួយគ្រឿងជាម៉ូតូរបស់ជនរងគ្រោះ និងរឹបអូសកាំភ្លើងខ្លី២ដើមផងដែរ គ្រាដែលសមត្ថកិច្ចតាមប្រមាញ់យ៉ាងប្រកិតៗ ហើយត្រូវក្រុមជនសង្ស័យបាញ់ស្រោចមកលើសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចរក្សាស្វ័យការពារក៏បាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ ស្លាប់ជាបន្តបន្ទាប់នៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីមន្រី្តកងរាជអាវុធហត្ថរាជធានីដែលរួមសហការបង្ក្រាបចោរប្លន់មួយ ក្រុមនេះបានឲ្យដឹងថា ក្រោយពីមានអំពើប្លន់នៅចំណុចសង្កាត់បឹងកក់២ភ្លាម កម្លាំងកងរាជអាវុធហត្ថរាជធានីបានស្រាវជ្រាវដឹងថាក្រុមចោរប្លន់គឺជាក្រុមតែមួយដែលប្លន់បាញ់សម្លាប់យុវជនម្នាក់យកម៉ូតូមួយគ្រឿងកាលពីយប់ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ទើបនាំគ្នាតាមប្រមាញ់ពួកគេដល់ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយក្នុងរយៈពេលជាង១ម៉ោងប៉ុណ្ណោះកម្លាំងយើងក្របួចបានជនសង្ស័យពីរនាក់ និងរឹបអូសបានម៉ូតូពីរគ្រឿង ដែលមួយគ្រឿងជារបស់ជនរងគ្រោះដែលពួកគេទើបប្លន់បានថ្មីៗនៅផ្លូវលេខ៥៩៨សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
មន្រី្តដដែលឲ្យដឹងទៀតថា បន្ទាប់ក្របួចបានជនសង្ស័យពីរនាក់នេះរួចមក សមត្ថកិច្ច យើងសហការជាមួយនគរបាលមូលដ្ឋានសាកសួរជនសង្ស័យពីរនាក់នេះទើបដឹងថា នៅសល់បក្ខពួក២នាក់ទៀតជាជនដៃដល់ កំពុងដឹកស្រីស្នេហ៍តាមម៉ូតូម្នាក់មួយទៅលេងនៅភ្នំប្រសិទ្ធិ៍ ក្នុងខណ្ឌព្រែកព្នៅ ហើយពេលនោះកម្លាំងចម្រុះក៏ចាប់ផ្តើមជិះម៉ូតូដេញតាមរហូតដល់ កន្លែងកម្សាន្តយីហោ សន្ទូចម្លប់ត្នោត ស្ថិតក្នុងភូមធំខាងជើងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ ទើបតាមទាន់។ ប៉ុន្តែអ្វីដែលសមត្ថកិច្ចលស់ព្រលឹងនោះ គឺគ្រាន់តែឃើញសមត្ថកិច្ចស្រែកពីចម្ងាយឲ្យពួកគេឈប់ដើម្បីចាប់ខ្លួនតាមសម្រួលនោះ បែរជាពួកគេទាំងពីរនាក់ដកកាំភ្លើងខ្លីពីចង្កេះម្នាក់មួយដើមបាញ់ស្រោចទៅលើសមត្ថកិច្ចតែមិនមានអ្នកណារងរបួសនោះទេ ហើយពេលនោះដើម្បីម្ចាស់ការក្នុងការពារខ្លួនសមត្ថកិច្ចបានបាញ់តបតវិញបណ្តាលឲ្យពួកគេស្លាប់ទាំងពីរនាក់និងស្រីស្នេហ៍ពីរនាក់ទៀតត្រូវឃាត់ខ្លួនតែម្តង ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពេលបាញ់ជនដៃទាំងពីរនាក់ឲ្យស្លាប់រួចមក សមត្ថកិច្ចរឹបអូសបានកាំភ្លើងខ្លីម៉ាកK.54 មួយដើម ម៉ាករ៉ូឡូមួយដើម និងម៉ូតូពីរគ្រឿងទុកជាភស្តុតាង។ចំណែកជនសង្ស័យដែលសមត្ថកិច្ចបាញ់ស្លាប់និងចាប់បាននៅពេលនោះមានឈ្មោះ ១-អា យុទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ (បាញ់ស្លាប់)២- អាម៉ី ភេទប្រុស អាយុ២០ឆ្នាំ(បាញ់ស្លាប់)៣- ម៉ាត់ រ៉ូហ្សិន ហៅ លីន ភេទស្រី អាយុ ១៩ឆ្នាំ (ឃាត់ខ្លួន)៤-ញ៉ែម កន្និដ្ឋា ភេទ ស្រី អាយុ២១ ឆ្នាំ(ឃាត់ខ្លួន) និងបុរស២នាក់ទៀតដែលឃាត់ខ្លួនដែរនោះមិនទាន់ស្គាល់ឈ្មោះ ។ ពួកគេទាំង៦នាក់ គឺសុទ្ធសឹងជាជនជាតិខ្មែរ អ៊ិស្លាម រស់នៅផ្ទះជួលក្នុងភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងជាមុខសញ្ញាបាញ់ប្លន់យកម៉ូតូយ៉ាងសាហាវក្នុងរាជធានីភ្នំពេញនាពេលកន្លងមក ។
គួរបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឌិន ដារ៉ារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករលើកក្រណាត់ស្នាក់នៅផ្ទះលេខ២២បេ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវក្រុមចោរខាងលើបាញ់ប្លន់យកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063កាលពី វេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥នៅពេលជិះម៉ូតូមកដល់មុខផ្ទះត្រង់កន្លែងកើតហេតុខាងលើ ៕ ស ដារ៉ា
ទទួលព័ត៌មានរហ័ស? ទាញយក App សម្រាប់ទូរស័ព្ទអ្នក៖
ដោយ៖ ស ដារ៉ា
ព័ត៌មានទាក់ទង៖ ករណីបាញ់ប្លន់ម៉ូតូនៅខណ្ឌទួលគោកព្រឹកមិញនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកចាប់បាន២នាក់ដកហូតបានម៉ូតូ២គ្រឿង