ខេត្តពោធិ៍សាត់៖នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ មកពីស្រុកក្រគរចំនួន៣ ស្រុកបាកានចំនួន១ និងក្រុងពោធិ៍សាត់ចំនួន១។ រោងចក្រ សហគ្រាសទាំង៦នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួន២ ដែលក្នុងនោះមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២, ផ្គត់ផ្គង់អគ្គិសនីចំនួន២, ផលិតត្រង់ស្វូអគ្គិសនីចំនួន១ និងចិញ្ចឹមសត្វចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៧:០០នាទីព្រឹកពីប្រារព្ធពិធី ភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕