ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសម្នាក់បានស្រែកឆោឡោថា ខ្លួនត្រូវបានជនមិនស្គាល់មុខភ្ជង់ប្លន់យកចិញ្ចៀនមាសមួយវង់។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចត្រង់ស្ថានីយបូមទឹកខាងមុខវត្តយាយទេព ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បុរសដែលបានស្រែកថា មានគេភ្ជង់ប្លន់យកមាស ឈ្មោះតូន នៅ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានមុខរបរកសិករ។
តាមសម្ដីរបស់ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូយកផ្លែឈើដែលបានទិញពីផ្សារទៅផែកាណូតផ្សាក្រោម ដើម្បីផ្ញើទៅឲ្យប្រពន្ធនៅឯភូមិប្រឡាយមាស។ លុះពេលដែលគាត់ជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែមានបុរសមិនស្គាល់មុខម្នាក់ ជិះម៉ូតូតាមក្រោយគាត់ ដោយបានហៅឲ្យឈប់នៅចំណុចកើតហេតុខាងលើ ដើម្បីឲ្យគាត់ចូលទៅក្នុងវត្តសួររកកន្លែងគ្រូតឆ្អឹងបាក់ ។ពេលនោះគាត់ក៏បានឈប់ម៉ូតូ ស្រាប់តែលេចមុខជនមិនស្គាល់មុខ២ទៅ៣នាក់ទៀត មានស្លៀកពាក់ឯកសណ្ឋាននគរបាលបានស្ទុះយកកាំភ្លើងមកភ្ជង់ ខ្លះដោះចិញ្ចៀនគាត់ និងខ្លះទៀតដកសោម៉ូតូ ហើយបាននាំគ្នាឡើងជិះម៉ូតូ៣គ្រឿងគេចខ្លួនចេញឡើងទៅផ្សារលើបាត់តែម្ដង។ បន្ទាប់ពីជនសង្ស័យបានគេចខ្លួបបាត់អស់ រូបគេក៏បានជិះម៉ូតូមកដល់ផ្សារឆ្នាំង ហើយក៏បានស្រែកឆោឡោឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយចាប់ជនសង្ស័យ និងយកចិញ្ចៀនឲ្យគេវិញផង។
បន្ទាប់ពីបានស្ដាប់សម្ដីរបស់ជនរងគ្រោះរួចមកអធិការនគរបាលក្រុងកំពង់ឆ្នាំង ក៏បានចេញតាមគោលដៅស្ទាក់រកមុខសញ្ញា ។ ប៉ុន្តែទោះជាយ៉ាងណា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានកំណត់ថារឿងនេះជារឿងករណីឆបោកដើម្បីយកលុយ និងសម្ភារមួយចំនួនពីជនរងគ្រោះ ដោយប្រើល្បិតជិះតាមសួររកកន្លែងគ្រូសម្រាប់ត.ឆ្អឹងបាក់ ហើយបក្ខពួករបស់ពួកជនល្មើសចេញមកគាបស៊ីដូចប្លន់តែម្ដង ពីព្រោះករណីបែបនេះ ក៏ធ្លាប់កើតមានដែរកាលពី២ទៅ៣ឆ្នាំមុន ដែលក្រោយពេលធ្វើសកម្មភាពរួច ជិះម៉ូតូគេចខ្លួនបាត់៕ សហការី