ខេត្តកំពង់ធំ៖ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបន្តចុះពិនិត្យការងារបូមទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិនានា សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ នេះថា ដោយសារឆ្នាំនេះ ទឹកបឹងទន្លេសាបតូច បានធ្វើឱ្យបណ្តាអាងភ្លិចទឹក បឹងបួរ និងព្រែកធម្មជាតិ ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួន នៃខេត្តកំពង់ធំ មិនមានទឹកហូរចូលដូចរាល់ឆ្នាំនោះទេ ។ ប៉ុន្តែក្រោយពីមានកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ពីក្រុមការងារក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាងភ្លិចទឹក បឹងបួរ និងព្រែកធម្មជាតិជាច្រើនកន្លែង ត្រូវបានបូមទឹកបំពេញ ហើយបច្ចុប្បន្នប្រជាកសិករ បាន និងកំពុងទាញយកទឹកពីបណ្តាអាង បឹងបួរ និងព្រែកធម្មជាតិទាំងនោះ មកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលរបស់ពួកគាត់យ៉ាងសស្រាក់សស្រាំ ។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា សម្រាប់ខេត្តកំពង់ធំ បច្ចុប្បន្នក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងអនុវត្តការងារប្រមូលទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិ នៅក្នុងស្រុកកំពង់ស្វាយ សន្ទុក និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ១៧ គ្រឿង ក្នុងនោះស្រុកកំពង់ស្វាយ ចំនួន ១១ គ្រឿង ស្រុកសន្ទុក ចំនួន ០៣ គ្រឿង ក្រុងស្ទឺងសែន ចំនួន ០៣ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូចរបស់សហគមន៍ទំនប់រាប់រយគ្រឿងទៀត ។
លោកបន្តថា ដោយឡែកថ្ងៃនេះ យើងកំពុងរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង បន្ថែមទៀត ដើម្បីបូមយកទឹកពីស្ទឹងសែន មកបំពេញបឹងធម្មជាតិ ចំនួន ០២ កន្លែង នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ សម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ៥០០ ហិកតា ។
ចំណែកលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក៏បានប្រាប់ឱ្យដឹងដែរថា ឆ្នាំនេះប្រជាកសិករ បាន និងកំពុងសម្រុកធ្វើការដាំដុះដំណាំស្រូវវដូវប្រាំងនៅដើមរដូវច្រើន ដែលមកដល់ពេលនេះ សម្រេចបានចំនួន ២៩.៣៧២ ហិកតា ស្មើនឹងជាង ៨១ភាគរយ នៃផែនការដែលបានដាក់ចុះ ពោលគឺលឿនជាងឆ្នាំមុនប្រមាណជាង ៥.០០០ ហិកតា ឯណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ។ ដោយឡែកដំណាំស្រូវវស្សាវិញ ក៏កំពុងត្រូវបានប្រមូលផលជាបណ្តើរៗផងដែរ ដោយសម្រេចបានចំនួន ១៥៤.០៩៤ ហិកតា ស្មើនឹងជាង ៧២ភាគរយ នៃផ្ទៃដីផលិតបាន ៕
ដោយ៖ សុខ ខេមរា