រឿងបាញ់សម្លាប់ពលរដ្ឋឆៅៗ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាអោយ បានចាប់ខ្លួន មន្រ្តីនគរបាលស្រុកព្រះស្តេចម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេច ពាក់ព័ន្ធការបាញ់សម្លាប់អ្នកបើករថយន្ត សង្ស័យជាចោរលួច …លោកស្នងការក៏ទទួលខុសត្រូវដែរ..!!

ចែករំលែក៖

ខេត្តព្រៃវែង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុក នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា មន្រ្តីនគរបាលស្រុកព្រះស្តេច ខេត្តព្រៃវែងម្នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេច ដោយជាប់ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់ ជាអ្នកបើករថយន្ត ដោយកម្លាំងនគរបាលពីដំបូងឡើយដាក់ការសង្ស័យថា ពួកគេជាចោរលួចរថយន្តពីភ្នំពេញ។
ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា យើងបានឃាត់ម្នាក់ហើយ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ដែលកំពុងតាមចាប់ ករណីបាញ់សម្លាប់អ្នកបើករថយន្តនោះ។ សម្រាប់អគ្គស្នងការនគរបាលជាតិរូបនេះ អ្នកពាក់ព័ន្ធការបាញ់សម្លាប់អ្នកបើករថយន្ត គឺមាននគរបាល២នាក់ នៅស្រុកព្រះស្តេច។
ដោយឡែកស្នងការខេត្តព្រៃវែង លោក ព្រំ សន្ធរ បានបញ្ជាក់ថា កម្លាំងរបស់ខ្លួនបើកប្រតិបត្តិបង្ក្រាបក្រុមចោរលួចរថយន្ត ហើយបានបាញ់ការពារខ្លួន ទើបបណ្តាលអោយជនសង្ស័យស្លាប់។
មន្រ្តីជាន់ខ្ពស់សាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងផងដែរ ជនរងគ្រោះបានរងការបាញ់ចំក្បាលចំនួន៥គ្រាប់ ពីសំណាក់ក្រុមមន្រ្តីនគរបាលទាំងនោះ ខណៈកំពុងតាមបង្ក្រាបដោយចោទថា ជាចោរលួចរថយន្តចេញពីទឹកដីរាជធានីភ្នំពេញទៅកាន់ខេត្តព្រៃវែង។
អំពើប្រព្រឹត្តខាងលើទោះជាលោកស្នងការខ្វះការទទួលខុសត្រូវ ក៏គេស្គាល់អត្តសញ្ញាណជនដៃដល់ គឺកូនលោកឧកញ៉ា ជឹម សុខ ថៅកែជ្រូក ហើយលទ្ធផលការចេញមុខការពារដោយគ្មានការទទួលខុសត្រូវពីលោកស្នងការ ត្រូវបានបរាជ័យ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិបញ្ជាអោយឃាត់ខ្លួនជនបង្កជានគរបាលនោះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។
ផ្តើមចេញពីករណីនេះ ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញរហូតយករថយន្តមួយគ្រឿងទៅពាំង ហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។ មន្រ្តីនគរបាលដែលរងការចោទថា បានបាញ់ទៅលើអ្នកបើករថយន្តទាំង២នាក់នោះ មានឈ្មោះ ជឹម រតនៈ ត្រូវបានគេដឹងថា ជាកូនប្រុសលោកឧកញ៉ា ជឹម សុខ ល្បីខាងរកស៊ីទិញ និងលក់គោ ក្របីមួយរូបនៅខេត្តព្រៃវែង។
បន្ទាប់ពីមានករណីនេះកើតឡើង និងរហូតមកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ករណីនេះមិនបានកើតឡើងដូចសមត្ថកិច្ចលើកឡើងនោះទេ។ គ្រាន់តែទទួលដំណឹងពីការផ្តល់ព័ត៍មានបំផ្លើសពីភាគីបង្ករឿងបំផ្លើស នឹងអាចជាគូកន កូនលោកឧកញ៉ាផងនោះ ទើបបង្កើតជាអំពើឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗ។
និយាយរួមតាមសេចក្តីរាយការណ៍នានា បានបង្ហាញថា មូលហេតុមកពីជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិន ធ្វើឲ្យអ្នកទិញខឹង រហូតបានស្កាត់ទៅយករថយន្តពីជនជាតិចិនទាំងទទឹងទិស រួចបើកគេមកស្រុកកំណើត។
ស្រាប់តែម្ចាស់ដើមស្រាវជ្រាវតាម GPS ដេញពីក្រោយ ប្ដឹងសមត្ថកិច្ច ចោទថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថាចោរលួចរថយន្តដូចពាក្យបណ្ដឹង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។ មន្រ្តីនគរបាលដែលបាញ់ជនរងគ្រោះនោះមានឈ្មោះ ជឹម រតនៈ មានតួនាទីគ្រាន់បើនៅអធិការដ្ឋានស្រុកព្រះស្ដេច។
តាមដំណើររឿង ឈ្មោះ ម៉ន រ៉ាវុធ និងឈ្មោះ វ៉ាន ខេមរិន មិនមែនជាចោរលួចរថយន្តទេ គឺរថយន្តនោះទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣,០០០ដុល្លារទៀត។ នៅមុនពេលកើតហេតុ ជនរងគ្រោះដែលត្រូវគេបាញ់ស្លាប់ បានទិញរថយន្តនេះ
ដោយបង់រំលោះនៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះឲ្យទៅជនជាតិចិនសម្រាប់ជិះ។
ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួនត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន ទើបខ្លួនស្កាត់ទៅយករថយន្តនោះពីជនជាតិចិនទាំងទទឹងទិស រួចបើកពីភ្នំពេញរត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន។
ទន្ទឹមនិងនោះឈ្មោះ ផាន់ សុឌី គិតថា ទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយករថយន្តពីអតិថិជនអ្នកជួលបែបនោះទៀត និងមានបំណងគេច ទើបខ្លួនស្រាវជ្រាវតាម GPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តតែម្តង រហូតកម្លាំងសមត្ថកិច្ចព្រោងព្រាតចេញប្រតិបត្តិការបង្ក្រាបបែបនេះ។
គួរំលឹកថា៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន ក្នុងស្រុក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា ពិតជាមានករណីនេះកើតឡើងមែន ដោយកម្លាំងនគរបាលរបស់លោក បានចេញបង្ក្រាបក្រុមចោរ រហូតមានការផ្ទុះអាវុធ ខណៈដែលក្រុមចោរមិនព្រមឲ្យចាប់ខ្លួន និងបន្តបើកឡានរត់គេច។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនពេលកើតហេតុមានករណីលួចរថយន្តពីរាជធានីភ្នំពេញ ស្រាប់តែពេលនោះម្ចាស់រថយន្ត ដែលស្គាល់នាយនគរបាលប៉ុស្តិ៍ឈើកាច់ ក៏បានទូរស័ព្ទប្រាប់។ លោកថា ខណៈកម្លាំងរបស់លោក រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញពីក្រោយ រហូតរថយន្តដាក់ពាំង ប៉ុន្តែជនសង្ស័យមិនព្រមឈប់ ថែមចង់បំបុកកម្លាំងទៀត ក៏មានការផ្ទុះអាវុធបណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈម្នាក់រងរបួសស្រាល។ ចំពោះហេតុការណ៍ផ្ទុះអាវុធនេះ លោកឧត្តមសេនីយ៍ត្រីស្នងការ បានបញ្ជាក់ថា លោកបាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ករណីមួយនេះ ក៏មានការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ដោយមិនទាន់បានប្រាកដប្រជាផង និងគ្រាន់តែមានពាក្យបណ្តឹង ឬការប្តឹងផ្ទាល់មាត់ ក៏ចេញប្រតិបត្តិការរហូតបាញ់សម្លាប់យ៉ាងដូច្នេះ។ មន្រ្តីនគរបាលជាតិជាន់ខ្ពស់ម្នាក់ បានបញ្ចេញជាយោបល់ថា បើសិនបែបនេះ នៅពេលមានបុគ្គលម្នាក់ ត្រូវគេស្អប់ ហើយចោទថា ជាចោរលួចរថយន្ត ចឹងមិនច្បាស់ជារងការបាញ់សម្លាប់ជាក់ជាមិនខានឡើយ។
មហាជននិងក្រុមគ្រួសារជនរងគ្រោះ មានជំនឿថា នាយឧត្តមសេនីយ៍ នេត សាវឿន នឹងចាត់វិធានការ ករណីនេះបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ ហើយត្រូវមានវិធានការបន្ត អោយលោកស្នងការ ព្រុំ សន្ធរ មានភាពទទួលខុសត្រូវក្នុងហេតុការនេះ មិនមែនបាញ់សម្លាប់មនុស្សតាមអំពើចិត្ត ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ ហើយយកទ្រឹស្តីប្រើសិទ្ធការពារខ្លួន ទាំងជនរងគ្រោះប្រឹងគេចពីគ្រាប់កាំភ្លើង ការប្រម៉ាញ់ពីសមត្ថកិច្ចធ្វើការតាមទម្លាប់ខូចគ្មានវិជ្ជាជីវៈ បែបនេះទេ ចឹងដកចេញក៏មិនខាត ជៀសវាងខូចឈ្មោះសមត្ថកិច្ច៕

...

ដោយ៖ ស្រីមាស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print