ខេត្តព្រៃវែង៖ តាមពិតរឿងជនដៃដល់ ពាក់ស័ក្តិ៤ ឈ្មោះ ជឹម រតនៈ ត្រូវជាកូនឧកញ៉ា ជឹម សុខ ថៅកែរកសុីដឹកគោ ជ្រូក ដែលបាញ់សម្លាប់ជនរងគ្រោះនៅ ខេត្តព្រៃវែង គឺមជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស កំពុងមានការតាមដានជាខ្លាំងទាក់ទងនឹងករណីសមត្ថកិច្ចបាញ់ប្រហារទៅរថយន្តមួយគ្រឿង បង្កឲ្យជនរងគ្រោះ ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស កាលពីម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
មហាជនមានសង្ឃឹមច្រើនថា គ្រួសារជនរងគ្រោះទទួលបានយុត្តិធម៍ ខណៈសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ខ្ញុំមានការសោកស្តាយប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុត ក្រោយទទួលបានព័ត៌មានមកថា លោក យ៉ន រ៉ាវុធ បានទទួលមរណភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីម៉ោង២៣:០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និង សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក យ៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចបន្តថា៖ ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង ជូនសង្គមជាតិយើងទាំងមូល។
ក្រោយមកនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះសមត្ថកិច្ច បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ដែលបាញ់សម្លាប់ជនរងគ្រោះខាងលេីបានហេីយ ដោយលោកបានមានការរៀបរាប់បន្ថែមទៀតថា៖«ឈាមស្រែកស្បែកហៅ វរៈសេនីយ៍ត្រី ជឹម រតនៈ អធិការរងស្រុកព្រះស្ដេច ដែលជាជនដៃដល់ បាញ់សម្លាប់ជនរងគ្រោះនៅ រ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បង្ហាញខ្លួននៅការិយាល័យនគរបាល ព្រហ្មទណ្ឌ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩»។
គួរបញ្ចាក់ដែរថា លោកឧកញ៉ា ជឹម សុខ បានបំភ្លឺមុននេះបន្តិចថា កូនរបស់លោក គឺធ្វេីការគឺអនុវត្តការងារ តាមបញ្ជាមេ មិនមែនធ្វេីដោយចិត្តឯងនោះទេ ។ មានន័យលោកសំដៅថា អាចមានការឆ្លងយោបល់ពីលោកអធិការ ឬលោកស្នងការទើបគេហ៊ានបាញ់ប្រជាជនជាច្រើនគ្រាប់បណ្តាលអោយស្លាប់ ។
ពាក់ព័ន្ធករណីខាងលើយ៉ាងតិចមនុស្ស៦នាក់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវឃាត់ខ្លួននោះ រួមមាន៖
*ទី១៖ លោកអនុសេនីយ៍ឯក ជា ឡាឌីន នាយនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ប្រព្រឹត្តបទល្មើសមួយនេះ
*ទី២៖ លោកអនុសេនីយ៍ទោ ជឹម វិន មន្ដ្រីនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលត្រូវជាក្មួយបង្កើតរបស់លោកឧកញ៉ា ជឹម សុខ
*ទី៣៖ ឈ្មោះ វ៉ែន ប៊ុនសារ៉ាក់ ដែលជាអ្នករួមដំណើរនៅក្នុងប្រតិបត្តិការនេះ
*ទី៤៖ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ
*ទី៥៖ ឈ្មោះ ផាន់ សុឌី
*ទី៦៖ ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ ជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធ រហូតស្លាប់ជនរងគ្រោះតែម្ដង៕
ដោយ៖ សិលា