ខេត្តកណ្ដាល ៖ ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមស៊េីបសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥១១ អក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន អាយុ៤៩ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលក់ដីខ្យល់ចំនួន១២០ហិចតា តម្លៃ៣៥ម៉ឺនដុល្លារអាមេរិក។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដែល ទេីបទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ បញ្ជាក់ថា ឈ្មោះ សុខ សារឿន ត្រូវបានចោទប្រកាន់ពីបទ”រំលោភលើទំនុកចិត្ត”ប្រព្រឹត្តនៅភូមិទួលសាលា និង ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ហើយមិនបានចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួននិងដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊េីបសួរសាលាដំបូងខេត្តកណ្ដាល ឡេីយ ។
អំពើរបស់ជនត្រូវចោទឈ្មោះ សុខ សារឿន ជាបទមជ្ឈឹម ហើយជនត្រូវចោទមានភាពរឹងទទឹង និង ដេីម្បីឱ្យការស៊ើបអង្កេតមានលក្ខណៈច្បាស់លាស់គួរចាប់ខ្លួនជនត្រូវចោទបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ។
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ ជនត្រូវចោទ សុខ សារឿន កំពុងត្រូវបានសមត្ថកិច្ចពាក់ព័ន្ធស្វែងរកចាប់ខ្លួន ដេីម្បីផ្តន្ទាទោសតាមច្បាប់ ៕ ចេស្តា