ខេត្តកំពង់ចាម ៖ រោងចក្រយីហោជួហួយ ដែលជារោងចក្រផលិតស្បែងជើង ត្រូវបានខូចខាតឆេះអស់អគារមួយខ្នង តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ស្លាប់ ឬ រងរបួសនោះទេ ដែលគេដាក់ការសង្ស័យថា បណ្តាលមកពីទុស្សេខ្សែរភ្លើង ។ នេះបើតាម ការសង្ស័យជំហានដំបូង ។
រោងចក្រខាងលើនេះ មានទីតាំងនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយ បានបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសលឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន អគ្គិភ័យឆេះរោងចក្រ លោកបានចាត់ចែងកម្លាំងនគរបាលគ្រប់ស្រុក ចុះទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង ខណៈស្ថានការណ៍នេះ កម្លាំងត្រូវប្រើរថយន្តរហូតដល់ចំនួន១០គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន៣០រថយន្ត ។ លោកបន្តថា ករណីនេះគឺមានកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទសរុបប្រមាណ៩៥នាក់ ដើម្បីចូលរួមសហការ ។
ចំពោះមូលហេតុលោកមិនបានបញ្ជាក់ឲ្យដឹងនោះទេ ប៉ុន្តែគេដាក់ការសង្ស័យមកពីទុស្សេខ្សែភ្លើង ។
ដោយឡែករោងចក្រត្រូវភ្លើងឆេះអស់អគារ១ខ្នង តែមិនមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕ ដោយ ៖ វណ្ណៈ