សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកជិះកង់បី

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច បណ្តាលឲ្យដួលម៉ូតូ និងក្រឡាប់ម៉ូតូកង់បីឥណ្ឌា ហើយក្រុមជនសង្ស័យនាំគ្នារត់ចោលម៉ូតូ។

ហេតុការណ៍នេះបានកើតឡើកាលពីម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ និត អាយុ ២០ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯបក្ខពួកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។

តាមសម្តីពីបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកបរម៉ូតូកង់បីមួយគ្រឿង គ្មានស្លាកលេខ ដោយបុរសជនរងគ្រោះជាភ្ញៀវ រួមដំណើរខាងក្រោយ ធ្វើដំណើរមកពីផ្សារដីហុយ បំណងទៅរកមិត្តភក្តិរបស់ជនរងគ្រោះ នៅឯស្តុបពេទផន។

ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D-4847 តាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone7plas ពីដៃជនរងគ្រោះ ដែលកំពុងកាន់ តែជនរងគ្រោះក៏ទាញទូរស័ព្ទយកមកវិញ ទើបធ្វើឲ្យម៉ូតូជនសង្ស័យ ដួលចូលក្រោមម៉ូតូកង់បី បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើង រងការខូចខាតបន្តិចបន្តួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ភ្លាមៗនោះ ជនសង្ស័យទាំងពីរនាក់ ក៏បានរើសយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ដែលជ្រុះរួចនាំគ្នារត់គេចខ្លួន ចោលម៉ូតូបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ រួចទាក់ទងកម្លាំង ជិះតាមរកជនសង្ស័យពីរនាក់ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ បានផ្លោះរបងរត់គេចចូលទៅសំងំលាក់ខ្លួននៅក្នុងក្លឹបហាត់ប្រាណមួយកន្លែងយីហោ NOLIMITSFITNESS តាមបណ្ដោយផ្លូវលេខ២៥៣ កែងនិងផ្លូវលេខ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយកើតហេតុ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print