ខេត្តកណ្ដាល ៖ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ក្រុមជិះម៉ូតូដេញកាប់ ដេញធាក់យកម៉ូតូនៅក្រុងតាខ្មៅ យ៉ាងសកម្មដាក់ពន្ធនាគារបណ្តោះអាន្នពីបទ”ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើរហិង្សារ” ដែលប្រព្រឹត្តនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ តាមមាត្រា៣៥៣ ,៣៥៧ និងមាត្រា៣៦១នៃក្រមព្រហ្មទណ្ឌ។
ជនជាបចោទទី១ឈ្មោះ រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិករថយន្ដក្រុងក្រុមហ៊ុនកាពីតូល មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី២ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ទី៣ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររត់តុការ ទី៤.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររត់តុការ ។
ក្រុមជនជាប់ចោទទី២ ទី៣ និងទី៤ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៥ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ ទី៦.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនជាប់ចោទទី៥និងទី៦ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ សន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង (មានរបួសបែកក្បាល) ទី២.ឈ្មោះ ឆឹម សារ៉ាត់ ហៅតា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងទង ( របួសពកក្បាល) និងទី៣.ឈ្មោះ វង្ស ណាដាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងទង (របួសក្បាល និងបែកចិញ្ចើមស្តាំ) ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ ផ្ទះជួល ភូមិ កំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមរំលឹកថា៖ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ក្នុងចំណោមបក្ខពួក១៥នាក់យកមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីក្រុមក្មេងទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូរបស់យុវជន៣នាក់ ដែលធ្វើដំណើរឌុបគ្នា តាមដងផ្លូវ រួចធ្វើសកម្មភាពវាយ គប់ និងកាប់ ទៅលើក្រុមយុវជនរងគ្រោះ បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់បែកក្បាល និង២នាក់ទៀតរបួសយ៉ាងដំណំ ក្នុងគោលបំណងប្លន់យកម៉ូតូពីយុវជនរងគ្រោះ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ ក្រុមយុវជនរងគ្រោះ៣នាក់បាននាំគ្នាជិះម៉ូតូឌុបគ្នាទៅលេងផ្ទះបងប្អូននៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ លុះមកដល់វេលាម៉ោង២២ជាង ក្រុមយុវជនរងគ្រោះខាងលើក៏នាំគ្នាត្រឡប់មកជួលវិញ នៅក្រុងតាខ្មៅ លុះមកដល់ចំណុចកើតហេតុ ម្ដុំខាងលិចសាលាខេត្តកណ្ដាល ហួសស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ប្រហែល៥០ម៉ែត្រ ស្រាប់តែក្រុមជនសង្ស័យខាងលើ ប្រហែលជាងដប់នាក់ បានជិះម៉ូតូ៦គ្រឿង ដេញតាមរួចធ្វើសកម្មភាពគប់ និងកាប់ ប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះទាំងបីនាក់រងរបួសក្បាល ភ័យស្លន់ស្លោរ នាំគ្នាជិះរត់ត្រឡប់ក្រោយវិញចូលក្នុងម៉ាតតូតាល់ តែត្រូវបក្ខពួកជនសង្ស័យដេញតាម ខណៈនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងជិះល្បាតការពារសន្ដិសុខសណ្ដាប់ធ្នាប់ ក៏បានអន្ដរាគមន៍ ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនបានជនសង្ស័យ បានម្នាក់ឈ្មោះ រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ ជាបក្ខពួកជនសង្ស័យ និងវត្ថុតាងម៉ូតូ១គ្រឿង រួចបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរ ។
ប្រភពដដែលបន្ដទៀតថា ក្រោយពីកម្លាំងនគរបាលជំនាញស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រិន សារី រួច ភ្លាមនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើននិងដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន៥នាក់បន្ថែមទៀត សរុប៦នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធខាងលើ យកមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ចាត់ការបន្ដតាមនីតិវិធីច្បាប់ ។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើ បានឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់បាន ធ្វើសកម្មភាពវាយប្លន់នៅក្រុងតាខ្មៅ បានចំនួន២ដងមកហើយ និងយកម៉ូតូបានម៉ូតូចំនួន២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ១គ្រឿង និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ហើយបក្ខពួករបស់់ខ្លួនបានកាប់ជនរងគ្រោះផ្សេងទៀត នៅមុខក្លិបកំសាន្ដ រ៉េន សង្កាត់ចាក់អង្រែក្រោម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ចំនួនម្ដងដែរ ៕ ឆ ដា