ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅតំបន់អឺរ៉ុបមានការធ្លាក់ចុះដោយសារតែប្រឈមមុខតានតឹងជាមួយអាមេរិក ។ ទាំងនោះហើយបានជាប្រធានាធិបតីចិនស៊ីជីងពីងបំពេញទស្សនកិច្ចអឺរ៉ុប ជម្រុញវិស័យពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរឡើង វិញ។
សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ ២០១០ ចិនបានវិនិយោគយ៉ាងហោច ទឹកប្រាក់ ១៤៥ពាន់លានអឺរ៉ូ នៅក្នុងទឹកដីអឺរ៉ុប។ ប៉ុន្តែ បរិមាណវិនិយោគរបស់ចិន នៅអឺរ៉ុបបានចាប់ថយចុះមកវិញ តាំងពីឆ្នាំ ២០១៧ ពី២៩ពាន់លានអឺរូ មកនៅត្រឹម១៧ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៨។ កាលពីខែកុម្ភៈ កន្លងទៅ សភាអឺរ៉ុបទើបតែបានបង្កើតច្បាប់ឲ្យមានការត្រួតពិនិត្យ តាមដាន ការវិនិយោគបរទេស នៅក្នុងវិស័យយុទ្ធសាស្រ្ត នៅក្នុងទឹកដីអឺរ៉ុប ជាពិសេស ក្នុងផ្នែកបច្ចេកវិទ្យា ដូចជាបណ្តាញទូរគមនាគមន៍ មនុស្សយន្តជាដើម។
អឺរ៉ុប ចាប់ផ្តើម លែងសូវជឿទុកចិត្តចិន ចាប់តាំងពីពេលដែលអឺរ៉ុបមានអារម្មណ៍ថា ចិន គ្មានចេតនាចង់ធ្វើជាភាគី ដោះដូរពាណិជ្ជកម្មស្មើភាពគ្នានោះទេ។ ចិននៅពន្យារពេល មិនព្រម រូតរះ បើកផ្លូវវិនិយោគស្មើភាព ដល់ក្រុមហ៊ុនបរទេស។ រដ្ឋចិននៅតែលូកដៃ ជួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនចិន នៅក្នុងពេលដែលក្រុមហ៊ុនចិន វិញ កាន់តែ មានមុខ ដើរតួនាទីសំខាន់ ក្នុងវិស័យសេដ្ឋកិច្ចរបស់អឺរ៉ុប។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់បារាំងនាពេលកន្លងមក លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុងបានរៀបចំជំនួបរួមគ្នាជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិល និងប្រធានគណៈកម្មការអឺរ៉ុបលោកហ្សង់ខ្លូត យុងក័រ។ នៅក្រោយជំនួប លោកម៉ាក្រុងបានបញ្ជាក់លើចំណុចរួមគ្នាដើម្បីពង្រឹងប្រព័ន្ធពហុភាគីក្នុងលោកដែលកំពុងបំផ្លាញដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
កិច្ចសហប្រតិបត្តិការជាលក្ខណៈពហុភាគីរួមមាននៅក្នុងវិស័យសន្តិភាព សន្តិសុខអន្តរជាតិ ឬមួយយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ បន្ទាប់មក លោកម៉ាក្រុងក៏បានលើកឡើងពីកំណែទម្រង់លើអង្គការ និងស្ថាប័នអន្តរជាតិមួយចំនួន ដូចយ៉ាងអង្គការសហប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬមួយអង្គការពាណិជ្ជកម្មពិភពលោក។ លោកម៉ាក្រុងយល់ថា កិច្ចសហប្រតិបត្តិការទទួលបានប្រយោជន៍ច្រើនជាងការប្រឈមមុខដាក់គ្នា។
« សហភាពអឺរ៉ុបរួមជាមួយចិនដែលជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង ៣ លើលោក។ ការបើកទីផ្សារអឺរ៉ុបបានរួមចំណែកនៅក្នុងដំណើរការវិវត្តន៍ដ៏ឆាប់រហ័សរបស់ចិនរហូតក្លាយជាប្រទេសមួយដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ដ៏សម្បើមអស្ចារ្យ។ សន្ទុះសេដ្ឋកិច្ចដ៏អស្ចារ្យមួយនេះបានអនុញ្ញាតឲ្យមានពលរដ្ឋចិនចំនួន ៧០០លាននាក់ងើបផុតពីភាពក្រីក្រ។ តែក្នុងពេលជាមួយគ្នានេះ ភាពរីកចម្រើនយ៉ាងឆាប់របស់ចិនបានបង្កើតឲ្យមានបញ្ហានៅក្នុងសង្គមអឺរ៉ុប។
បញ្ហាទាំងនោះមានដូចជាកំណើនវិសមភាពនៅក្នុងវិស័យផលិតកម្ម ឬមួយកំណើនផលវិបាកសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាតានតឹងមួយចំនួនដែលចាំបាច់តម្រូវឲ្យមានវិធានការការពារស្របច្បាប់មួយ។ ខ្ញុំយល់ឃើញថាឆន្ទៈរួមរបស់យើង គឺត្រូវចៀសវាងកុំឲ្យចម្លើយចំពោះបញ្ហាទាំងអស់នេះធ្លាក់ទៅក្នុងជម្លោះពាណិជ្ជកម្មថ្មី ទៅក្នុងភាពប្រេះឆានៃសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ឬមួយទៅក្នុងនយោបាយឯកោ និងអាត្មានិយម។
អ្វីដែលយើងចង់កសាងរួមគ្នា គឺមូលដ្ឋានគ្រឹះពហុភាគីយុត្តិធម៌ និងមានសមភាព។ សហភាពអឺរ៉ុបដែលជាទីផ្សារសេដ្ឋកិច្ចមួយបើកចំហនៅក្នុងលោកអាចចាប់ដៃធ្វើការរួមគ្នាជាមួយចិននាឱកាសជំនួបកំពូលអឺរ៉ុប ចិននៅថ្ងៃខាងមុខ និងនៅក្នុងជំនួបកំពូលនៃក្រុមប្រទេស G២០ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុននាប៉ុន្មានខែទៀតដើម្បីកំណត់កាលវិភាគរួមស្តីពីការធ្វើទំនើបកម្មលើប្រព័ន្ធពហុភាគីពាណិជ្ជកម្ម »។
ក្រៅពីនេះប្រធានាធិបតីចិន ស៊ី ជីនពីង ទៅអឺរ៉ុបដើម្បីបញ្ចុះបញ្ចូលអឺរ៉ុប ឲ្យចូលរួម គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ ទោះជាចិន ទាក់ទាញបានអ៊ីតាលី ដែលជាប្រទេសអឺរ៉ុបដំបូងគេ ដែលប្រកាសចូលរួមក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប៉ុន្តែ ទិសដៅរបស់ចិន គឺទាក់ទាញអឺរ៉ុបទាំងមូលឲ្យចូលរួម ជាមួយចិន ជាពិសេសបារាំង អាល្លឺម៉ង់ និងជាពិសេសគណៈកម្មការអឺរ៉ុបតែម្តង ដែលនៅតែអរិភាព មិនទុកចិត្ត លើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន។ អាល្លឺម៉ង់ទើបតែរិះគន់ខ្លាំងប្រទេសអ៊ីតាលីដែលបានសម្រេចជាឯកតោភាគីចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។
បារាំង និងអាល្លឺម៉ង់បារម្ភថា ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន នឹងផ្តល់ប្រយោជន៍តែទៅខាងចិន។ អឺរ៉ុប មិនមែនមិនចង់ស្វាគមគម្រោងរបស់ចិន ទេ ប៉ុន្តែ អឺរ៉ុបមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែមិនចង់ធ្លាក់ខ្លួន ក្នុងអន្ទាក់ រង់ចាំតែដង្ហើមចិន។ នៅក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រធានាធិបតីបារាំង ជាដើម បានអំពាវនាវ ឲ្យប្រទេសនៅក្នុងសហភាពអឺរ៉ុបរួមគ្នា ដើម្បីចរចា បង្កើតកិច្ចព្រមព្រៀងរួមមួយ ក្នុងនាមសហភាពអឺរ៉ុប ជាមួយភាគីចិន។
ដោយធ្វើដូច្នេះ បារាំងទំនងចង់ឲ្យអឺរ៉ុបមានទម្ងន់ និងច្បាស់ជឿទុកចិត្តមិនឲ្យ ចិនដើរខ្សែលើ និង ជាពិសេស ទៅទៀត គឺដើម្បី ជួយមិនឲ្យប្រទេសនៅអឺរ៉ុប ធ្លាក់ខ្លួនជាកូនបំណុលរបស់ចិន ដូចនៅបណ្តាប្រទេសអាស៊ីដទៃទៀត ដោយសារតែគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ៕