ច្បាស់ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា និងធ្វើនៅសណ្ឋាគារលំដាប់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីរូបថតPre Wedding ជាច្រើនសន្លឹករបស់តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា ត្រូវបានលេចចេញលើបណ្តាញសង្គម។ ក្រោយលេចចេញរូបថតនេះអ្នកស្និទ្ធនឹងនាងបានបន្តទម្លាយថា មង្គលការរបស់តារាស្រីល្បីឈ្មោះរូបនេះនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែឧសភានេះ និងត្រូវរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំផងដែរ។

អស់រយៈពេលជិតមួយឆ្នាំហើយដែល គម្រោងមង្គលការតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសបង្កើតថៅកែផលិតកម្ម ត្រូវបានត្រៀម។ មង្គលការដ៏ធំសម្បើមនេះនឹងត្រូវធ្វើនៅថ្ងៃទី១៦ខែឧសភា ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំសុខាភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់អ្នកចម្រៀងរួមដំបូលរបស់តារាស្រីរូបនេះបានទម្លាយ។ ប្រភពបញ្ជាក់ដែរថា មង្គលការនេះត្រូវបានគេដឹងថាគ្រោងនឹងចំណាយខ្ពស់មួយ ដើម្បីឲ្យប្រាកដថាជាកម្មវិធីល្អឥតខ្ចោះ ខណៈដែលពិធីការ ភ្នូង និងការតុបតែឆាក និងផ្កា ត្រូវបានរៀបចំកក់ និងជួលរួចរាល់ ស្របពេលដែលភ្ញៀវកិត្តិយសដែលគេដឹងថាអ្នកទាំងអ្នកជំនួញ មន្ត្រីមានមុខមាត់ និងសិល្បកររាប់ពាន់អ្នកនឹងបង្ហាញវត្តមានក្នុងពិធីមង្គលការមួយនេះផងដែរប្រភពបញ្ជាក់ថា ក្រោយរៀបការរួចតារាចម្រៀងស្រីឱក សុគន្ធកញ្ញា ក៏ត្រូវគេដឹងថានឹងទទួលបានតំណែងការងារធំមួយនៅក្នុងផលិតកម្មមួយនេះបន្ថែមពីលើការងារជាតារាចម្រៀងដែលមានស្រាប់។ គេដឹងដែរថានាងក៏នឹងកាន់តែលេចធ្លោរបន្ថែមទៀតព្រោះតែសមត្ថភាព និងឱកាសក្តាប់ក្នុងដៃជាច្រើនជាមួយកម្មវិធីល្បីលំដាប់ពិភពលោកបន្តបន្ទាប់នោះ។

គួរបញ្ជាក់ដែរថា ប្អូន​ប្រុស​ថៅកែ​ ហង្ស​មាស​ លោក អ៊ឹង សុខលីបានចូលស្តីដណ្តឹងកំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ហើយកាលពីអំឡុងពាក់កណ្តាលខែមិថុនាឆ្នាំ២០១៨កន្លងទៅ។ បើទោះបីជាកម្មវិធីមិនធំដុំប៉ុន្តែដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ខណៈដែលកន្លងទៅនាងធ្លាប់លេចចេញដំណឹងស្នេហ៍តន្ត្រីករមាឌធំ លោក រ៉េត ធីដូណា អស់ជាច្រើនឆ្នាំ និងមានដំណឹងស្នេហ៍ជាមួយប្អូនប្រុសថៅកែផលិតកម្មអស់ជាយូរផងដែរនោះ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print