ព្រូដិនសល សម្រួលដល់ការបង់សេវាបុព្វលាភរបស់អតិថិជនតាមរយៈអេស៊ីលីដាយូនីធីទាន់ចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូយុទ្ធសាស្រ្ដបានប្រកាសជាសាធារណៈ ស្តីអំពី អតិថិ​ជនអាចបង់បុព្វលាភធានារ៉ាប់រងអាយុជីវិតបាន តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet”។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ក្រោមវត្តមានថ្នាក់ដឹកនាំនិងកម្មករនិយោជិកនៃភាគីពាក់ព័ន្ធទាំងពីរ។

តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត នេះ អតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបង់បុព្វលាភធានារ៉ាប់រងរបស់ពួកគាត់បានយ៉ាងរលូន និងឆាប់រហ័ស តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS  ដែលកម្មវិធីនេះ អាចសន្សំសំចៃពេលវេលា និងមិនចាំបាច់ពិបាកធ្វើដំណើរទៅកាន់ធនាគារនោះឡើយ  ហើយព្រមទាំងអាចទូទាត់ប្រាក់បុព្វលាភបានភ្លាមៗ និងងាយស្រួលទៀតផង។

នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman មានប្រសាសន៍ថា៖ ការដាក់ឱ្យដំណើរការនូវមធ្យោបាយបង់បុព្វលាភ តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet” ក្នុងទូរស័ព្ទចល័តនេះ គឺសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់នូវជម្រើសសម្រាប់ប្រតិបត្តិការទូទាត់ស្របតាមយុគសម័យឌីជីថល ស្របតាមបច្ចេកវិទ្យាទាន់សម័យ ជាមធ្យោបាយបង់ប្រាក់ដ៏ងាយស្រួល ដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

លោកបានមាប្រសាសន៍ជាបន្តទៀតថា៖ ស្របតាមយុទ្ធនាការផ្សព្វផ្សាយថ្មី “WeDoInnovation” របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា យើងបានប្តេជ្ញាពង្រឹងសមត្ថភាពនាយុគសម័យទំនើបរបស់យើង ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការដែលវិវត្តន៍ទៅមុខឥតឈប់ឈររបស់អតិថិជនយើង។  

ភាពជាដៃគូដ៏អស្ចារ្យ ជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយឱ្យយើងអាចបន្ថែមកម្មវិធីបង់បុព្វលាភធានារ៉ាប់រងអាយុជីវិត តាមរយៈ ACLEDA Unity ToanChet ទៅក្នុងមធ្យោបាយបង់បុព្វលាភជាច្រើនយ៉ាង  ដែលយើងកំពុងមានសព្វថ្ងៃ ហើយក៏ជួយឱ្យយើងអាចអភិវឌ្ឍន៍ឈានឡើងបានយ៉ាងងាយស្រួល លើការងារផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍សម័យទំនើបដ៏រលូនផងដែរ។

អស់រយៈពេលជាង ៥ ឆ្នាំកន្លងមកហើយដែល ក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការរួមគ្នាដើម្បីផ្តល់សុវត្ថិភាព ហិរញ្ញវត្ថុ ក៏ដូចជាការការពារផ្នែកសុខភាព និងផ្នែកហិរញ្ញវត្ថុពេញលេញ  ជូនដល់អតិថិជនរបស់យើង ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់បែបនេះ។

ចាប់តាំងពីដំណើរការក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង ១៥ម៉ឺនបណ្ណ  ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន លើការបំពេញតាមសេចក្ដីត្រូវការផ្នែកការពាររបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការរក្សាការពារអនាគតរយៈពេលវែងរបស់ពួកគាត់ផងដែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការប្រតិបត្តិការធនាគារ តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet”  ក្នុងឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យការប្រើប្រាស់សេវាធនាគារពាណិជ្ជកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងសុវត្ថិភាពខ្ពស់ ក្នុងប្រទេសកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា មានអតិថិជនជាង ២លាន៥សែននាក់ និងទ្រព្យសម្បត្តិសរុបចំនួន ៥ពាន់៧រយលានដុល្លារសហរដ្ឋអាមេរិក បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៨។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet” ជាជម្រើសដ៏ល្អក្នុងការបម្រើដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងគោលដៅបម្រើអតិថិជនគោលប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានឧត្តមភាពខ្ពស់ក្នុងការប្រកួតប្រជែង។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានទំនុកចិត្តថា ការងាកមកប្រើមធ្យោបាយទូទាត់ទំនើបបែបថ្មី ដោយមិនចាំបាច់ប្រើក្រដាសនេះ  នឹងក្លាយជាស្តង់ដាររួមនៅក្នុងប្រទេសកម្ពុជា ហើយវាក៏នឹងផ្ដល់អំណោយផលដ៏ល្អផងដែរសម្រាប់ការខិតខំរបស់ក្រុមហ៊ុន លើការងារលើកកម្ពស់សមូហភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print