ភ្នំពេញ៖តារាចម្រៀង និងសម្តែងប្រុស លោក ហេង នរៈកក្កដា និងអ្នកចម្រៀងរហ័សនាមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ត្រៀមខ្លួនឡើងយន្តហោះឡើងនៅកាន់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។ ការចេញដំណើរបង្កើតទស្សនីយភាពសិល្បៈ និងបង្កបរិយាកាសសប្បាយរីករាយនេះ គឺជាការឆ្លៀតពេលដ៏មមាញឹករបស់អ្នកទាំងពីរដែលកំពុងតែកាក់កបនឹងការងារក្នុងស្រុកផងដែរ។
រាសីឡើងស្រឺតៗជាមួយនឹងស្នាដៃបទចម្រៀងថ្មី តារាចម្រៀង រ័ត្ន រចនា នឹងដឹកដៃតារាប្រុសស្រស់សង្ហា លោក ហេង នរៈកក្កដា ចេញទៅច្រៀងរាំនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នេះ។ លោក ហេង នរៈកក្កដា បានបញ្ជាក់ថានេះគឺជាលើកទី២ហើយដែលលោកបានចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេស អូស្ត្រាលី។
តារាប្រុសរូបនេះលើកឡើងថា ជាឱកាសជួបជុំដ៏ល្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយលោក និងសិល្បករទាំងអស់បានត្រៀបបទចម្រៀងមួយចំនួនដើម្បីបម្រើការស្តាប់ និងរាំលេងកម្សាន្តនាឱកាសនោះផងដែរ។ លោកថាក្រៅពីលោក និងកញ្ញា រ័ត្ន រចនាក៏មានសិល្បករខ្មែរពីររូបផ្សេងទៀតមានកញ្ញា ស៊ីឌី និងលោក វ៉ាឌី ហេឡេនផងដែរ។
លោកបញ្ជាក់ដែរថា សិល្បករទាំងអស់នឹងត្រូវចំណាយពេលប្រមាណ១ខែដើម្បីចេញទៅច្រៀងរាំនៅតាមតំបន់ដែលមានប្រជាជនខ្មែររស់នៅ និងដើម្បីបង្កើតបរិយាកាសជួបជុំសប្បាយរីករាយ និងជាឱកាសសម្រាប់ជួយស្វែង រកថវិកាពីការលក់សំបុត្រឲ្យទៅសមាគមខ្មែរដែលជួយដល់ក្មេងកំព្រា និងចាស់ជរានៅកម្ពុជាផងដែរ។
តារាសម្តែងរូបនេះបញ្ជាក់ដែរថា ដោយសាររវល់នឹងការងារក្នុងស្រុកច្រើន លោកមិនមានពេលវេលាយូដើម្បីចេញទៅច្រៀងរាំនៅទីនោះទេព្រោះតែបច្ចុប្បន្ន ទាំងលោក និងកញ្ញា រចនា សុទ្ធតែមានការងារច្រើននៅក្នុងស្រុក ។
ទោះជាយ៉ាងណារយៈពេលមួយខែពេញនេះលោករំពឹងថាលោក និងសិល្បករទាំងអស់នឹងអាចបង្កើតបរិយាកាសសប្បាយរីករាយ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ៕ ដោយ វឌ្ឍនា