ខេត្តកំពង់ចាម ៖ អ្នកបើកបរគ្រប់រូបមុនឡើងបញ្ជាចង្កូតរថយន្ត គួរពិនិត្យឧបករណ៍ឲ្យច្រើនទ្វេដង ។ ពិតជាគួរឲ្យសង្វេគ ណាស់ បុរសម្នាក់ខណៈកំពុងបើកបរម៉ូតូសុខៗ ត្រូវរថយន្តដាច់កាឡេជ្រុលបុកស្លាប់ភ្លាមៗនៅលើស្ពាន និងជ្រុលទៅបុក អ្នកបើកម៉ូតូមួយគ្រឿងទៀត រងរបួសស្រាល ។
ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤៥នាទី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅលើស្ពានគីហ្សូណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្សស្លាប់និងរបួស បានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣B-១១៩០ បើកបរដោយឈ្មោះ សន ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ធ្វើដំណើរពីទិសខាងកើតមកលិច ខណៈបើកបរមកដល់ សើស្ពានបានដាច់កាឡេជ្រុលទៅកៀរប៊ូឌៀស្ពាន បន្តទៅបុកម៉ូតូម៉ាកធូដេ ពណ៌ស ស្លាកលេខភ្នំពេញ១FC.៨៧៨១ បើក បរដោយឈ្មោះ យាំង ភឿកឡឺង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុង កំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពបន្តទៀតថា ល្បឿនរថយន្តនៅពេលដាច់កាឡេបានបន្តល្បឿនទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក MSX ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ១GL-៤០៩៣ បណ្តាលឲ្យរបួសឈ្មោះ ឡុង សុខុម ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ ។
ចំពោះករណីនេះ សមត្ថកិច្ចចរាចរណ៍បានចុះពិនិត្យ និងវាស់វែងឃើញថា បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ភេទប្រុស ជាអ្នកបើកបរម៉ូតូធូដេ និងអ្នកបើកបរម៉ូតូម៉ាក MSX បានរងរបួសមនុស្ស ។ ចំណែកមធ្យោបាយធ្វើដំណើរចំនួន៣គ្រឿង និងបែកគម្របលូស្ពានចំនួន៣៨ដុំ បែកសសរបង្កាន់ដៃថ្មចំនួន២បង្គោល បានរងការខូចខាត ។
ក្រោយពេលកើតហេតុផ្នែកជំនាញបានហៅរថយន្តរបស់មន្ទីរពេទ្យខេត្តដឹកសាកសពយកទៅមន្ទីរពេទ្យខេត្ត និងប្រគល់សព ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកវត្ថុតាងនិងអ្នកបើកបររថយន្តបង្កហេតុ សមត្ថកិច្ច យើងបានឃាត់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ