ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សា រាជ ធានី និងលោកស្រី បាននិមន្ដព្រះសង្ឃ៥៣អង្គ សូត្រមន្តចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័កព.ស២៥៦៣និងរម្លឹកគុណជូនដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដីជូនជាតិ មាតុភូមិ សុំសេចក្ដីសុខ សេចក្ដីចម្រើនជូនដល់ មន្ដ្រីរាជការ នៅសាលារាជធានី និងបណ្ដាខណ្ឌ ទាំង១២ មន្ទីរ ទាំង២៤ សង្កាត់ទាំង១០៥ នៅថ្ងៃព្រហស្បតិ៏៧កើត ខែចេត្រ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
ពិធីនេះរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូល រួមពីមន្រ្តីរាជការសាលា រាជធានី មន្ទីរ អង្គភាពជុំវិញ បានធ្វើការបន់ស្រន់ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋដែលបាន បាត់បង់ ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាច ក្លាហានរបស់កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ដែល នឹងត្រូវ ឈានចូលមកដល់នេះ។
ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី រាជការក្នុងរាជធានីភ្នំពេញ ទាំងមូលសូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ឱ្យ កាន់តែទទួល បានសមិទ្ធផលថ្មីៗថែមទៀត ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាបាលកម្ពុជា ក្រោមដំបូលសន្តិភាពតែមួយ៕ ដោយ៖ សំរិត