បាតុកម្មប្រឆាំងរដ្ឋាភិបាលស៊ូដងបានក្លាយជាអំពើហឹង្សា ដោយ មានការប៉ះទង្កិចគ្នារវាង កងកម្លាំងសន្តិសុខសូដង់ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅ កណ្តាលទីក្រុង Khartoum ស្លាប់មនុស្សយ៉ាងតិច១១នាក់ ។
ប្រភពព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាលសូដង់ បញ្ជាក់កាលពីថ្ងៃទី១០ ខែមេសា ថាកងកម្លាំងសន្តិសុខ៦នាក់បានស្លាប់ក្នុងចំណោមនោះផងដែរ ។ បាតុកម្មប្រឆាំងរដ្ឋាភិបាលអំឡុងពេលនេះ ហាក់មានទ្រង់ទ្រាយធំ នៅពីមុខស្នាក់ការកណ្តាលយោធា ទីក្រុង Khartoum តែម្តង ។
លោក Hassan Ismail រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលសូដង់ មិនបានលាតត្រដាងព័ត៌មានលម្អិតជុំវិញអំពើហិង្សាអំឡុងថ្ងៃថ្មីៗនេះទេ។
កងកម្លាំងសន្តិសុខសូដង់បានព្យាយាមបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដែលចាប់ផ្តើមតាំងពីចុងសប្តាហ៍មុន ។ រហូតមកដល់ថ្ងៃទី៩ ខែមេសា អំពើហិង្សាកើតចេញពីការបះទង្គិចរវាងបាតុករនឹងកម្លាំងសន្តិសុខ បណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ ។ ក្រុមសកម្មជនដែលនៅពីក្រោយក្រុមបាតុករលើកឡើងដូច្នេះ ប៉ុន្តែខាងរដ្ឋាភិបាលជំទាស់ ។
នេះជាបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីបំផុត ក្រោយរយៈពេលជាង៤ខែនៃការបាតុកម្មស្រដៀងគ្នា ធ្វើឲ្យសូដង់ កាន់តែធ្លាក់ក្នុងភក់ជ្រាំនៃវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ។ មុនដំបូងគេ ក្នុងខែធ្នូ ឆ្នាំ២០១៨ បាតុកម្មប្រឆាំងនឹងបញ្ហាសេដ្ឋកិច្ចដែលមិនមានការរីកចម្រើន ហើយបន្តបន្ទាប់់មកក្លាយទៅជាបាតុកម្មទាមទារបញ្ចប់របបដឹកនាំប្រធានាធិបតី Omar al-Bashir ដែលកាន់អំណាចជាង៣០ឆ្នាំ ៕