មេខ្លោង​គ្រឿងញៀន​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”​ និង​ បក្ខពួក​៦នាក់​ ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ចែករំលែក៖

ភ្នំពេញ​៖​លោក​សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅល្ងាច​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​​ សម្រេច​ចោទប្រកាន់​មេខ្លោង​គ្រឿងញៀន​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”និង​បក្ខពួក​៦នាក់​ ជា​ផ្លូវការ​ហើយ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ថ្លែង​ថា​ បច្ចុប្បន្ន​ជនត្រូវចោទ​ទាំង​៦នាក់​ និង​ សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊េីបសួរ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

នៅ​ដំណាក់កាល​នេះ​ លោក​ថាន់​ ឡេង​ ចៅក្រម​ស៊េីបសួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ ជនត្រូវចោទ​ទាំង​៦នាក់​ ។

សូម​បញ្ជាក់​ថា​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បញ្ជូន​ឈ្មោះ​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”និង​បក្ខពួក​៦នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​ ។

ទីតាំង​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ ដែល​ដំបូង​ឡើយ​ឃាត់ខ្លួន​មនុស្ស​៥០នាក់​ និង​ គ្រឿង​ញៀន​ជាច្រើន​ ។ ប៉ុន្តែ​ក្រោយ​មក​ សល់​តែ​ជនសង្ស័យ​៧នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បញ្ជូន​មក​តុលាការ​ ។

ដោយឡែក​លោក​ ម៉េត​ មាស​ភក្ដី​ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​ ថ្លែង​ប្រាប់​ថា​ ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”ក្នុង​ខណ្ឌ​ចំការមន​ ​ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អះអាងថា​ ជា​ទីតាំង​ផលិត​គ្រឿង​ញៀន​ ត្រូវ​បាន​បិទ​ហើយ​ មិន​ឱ្យ​ដំណេីរការ​ទៀត​ទេ​ ។

ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ បាន​ទម្លាយ​ប្រវត្តិ​មេខ្លោង​គ្រឿងញៀន​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ យ៉ាង​ដូច្នេះ​ថា​ ៖

ស្រេន វីរៈ ឬ​ ស្រេង វីរៈ ហៅ ស្រេង លក្ខណ៍​ ភេទប្រុស អាយុ៤៤ឆ្នាំគឺជាមេខ្លោងដ៏ធំ បំផុតក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ លួចផលិតសារធាតុញៀនក្នុងទីតាំងនេះយូរឆ្នាំមកហើយ ។ ក្នុងនោះ ក៏ត្រូវបាន សមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកតាំងពី ក្លិបនេះពីមុនដាក់ឈ្មោះថា អ័រគីដេ ។

ម្យ៉ាងទៀតអ្វីដែលចម្លែកបំផុតនោះត្រង់ថា ស្រេង​ វីរៈ​ មានដីកាចាប់ខ្លួនពីតុលាការក៏សមត្ថកិច្ចមិនបានយកទៅអនុវត្តដែរទើប ស្រេង វីរៈ​ នៅមានវត្តមានចំពោះ មុខសមត្ថកិច្ចនិងបើកអាជីវកម្មជួញដូរ គ្រឿងញៀន លួចផលិតសារធាតុញៀនក្នុងក្លិបម៉ៃអាមីនេះមកទល់នឹងបច្ចុប្បន្ន។ ដូច្នេះវាំងននខ្មៅត្រូវ បានលាតត្រដាងក្រោមកណ្តាប់ដៃដែកលោក ស ថេត អគ្គស្នងការ រងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការនាវេលាម៉ោង១ រំលងអធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩​ ក្នុង​ក្លិប​កម្សាន្ត​ “ម៉ៃ​ អាមី”។

ស្រេង វីរៈ ហៅស្រេង លក្ខណ៍​ គឺជាមេខ្លោងជួញដូរ គ្រឿងញៀនយ៉ាងសកម្មជាយូរឆ្នាំមកហើយ ។ ជាក់ស្តែងកាលពីថៃ្ងទី៨ ខែមេសា ឆ្នាំ២០០៧ ឈ្មោះ ស្រេន វីរៈ ត្រូវបានកម្លាំង សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ បញ្ជូនមក​អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ដាក់គុកម្តងរួចមកហើយដោយចោទប្រកាន់ពីបទជួញដូរគ្រឿង ញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុស ច្បាប់ប្រព្រឹត្តនៅខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ​ ។

ប៉ុន្តែ​មិនយូរប៉ុន្មានជនជាប់ចោទរូបនេះត្រូវបានចេញពីគុកមកវិញហើយបន្តធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតដោយមិនរៀងចាលឡើយដល់ពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៦ មន្ត្រីនគរបាល ការិយាល័យប្រឆាំងការសម្អាតប្រាក់នៃ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះអនុវត្តវិធានញុះញង់ ឲ្យលក់គ្រឿងញៀនខុសច្បាប់និង បានបង្ក្រាបមុខសញ្ញាកំពុងធ្វើ សកម្មភាពដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចរង្ចង់មូលទួលគោក សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៥ និង៣០នាទីព្រឹក ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ូ យាំង លាង ភេទប្រុស ជនជាតិចិន អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តហ្វូជៀង ប្រទេសចិន ។

ក្រោយពីឃាត់ខ្លួនជនជាតិ ចិនរូបនេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុ តាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់ ៥០១,០៧ក្រាម ។ បន្ទាប់មកសមត្ថកិច្ចបានបន្តនីតិវិធីឆែកឆេរលំនៅ ឋានលេខ៤សេដេ ផ្លូវលេខ៦១៦ ក្រុម៨៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ជាផ្ទះរបស់ឈ្មោះ ចេន យុនអន ហៅពែក ភេទប្រុស ជនជាតិ ខ្មែរ (រត់គេច ខ្លួន)ដល់បច្ចុប្បន្ន ។

ក្នុងថ្ងៃដដែលនៃប្រតិបត្តិការបង្ក្រាបគឺម៉ោង៩ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់យក វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនទម្ងន់៤០៨៨,១៨ក្រាម, ថ្នាំ គ្រាប់ពណ៌ផ្កាឈូកសញ្ញា Love ប្រភេទ MDMA ទម្ងន់ ៧១៣,៥៥ក្រាម, សារធាតុ រាវប្រភេទតេតាមីនចំនួន២០០០ដបក្នុង ១ដបទម្ងន់០,៥ក្រាមសរុបស្មើទម្ងន់១០០០ក្រាម, ម្សៅក្រាមពណ៌សទម្ងន់៥៤គីឡូ ក្រាម ដើម្បីយកទៅធ្វើតេស្ត ។

បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ ស៊ូ យុំាងលាង ជននេះពិតជាបានសារភាពថាខ្លួនបានប្រព្រឹត្តការជួញដូរខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចរង្វង់មូល ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។ ក្នុងនោះសមត្ថកិច្ចក៏បានស៊ើបដឹងថា ឈ្មោះ ចេន យុនអន ហៅពែក (រត់គេចខ្លួន)គឺជាមេខ្លោងផលិតនិងកែច្នៃរក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុ ញៀនយកមកលក់ឲ្យឈ្មោះ ស៊ូ យាំង លាង ។

ដោយឡែកឈ្មោះ ស្រេង វីរៈ ដែលត្រូវបាន កម្លាំងនគរបាលលោកឧត្តមសេនីយ៍ ស ថេត បង្ក្រាប និងឃាត់ខ្លួននៅក្លិបម៉ៃអាមី កាលពីវេលាម៉ោង១និង៣០នាទីរំលង អាធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩នេះ កន្លងទៅគឺជាបក្ខពួកមេខ្លោងនិងជាមេខ្លោងជួញដូរគ្រឿងញឿនខុស ច្បាប់ជាមួយក្រុមជនសង្ស័យខាងលើនេះ រហូតដល់ជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញកាលពីឆ្នាំ២០១៦និងចេញដីកាចាប់ខ្លួន ។

ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ជនជាប់ចោទឈ្មោះ ស្រេង​ វីរៈ នោះទេ បានត្រឹមយកដីកាទៅទុក ហើយក៏ត្រូវបានគេលួចទម្លាយថាសមត្ថ កិច្ចមិនហ៊ានចាប់ តាមដីកាពាក់ព័ន្ធនឹង បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ លួចលាក់ផលិតសារធាតុញៀនដោយ សារតែ មាននគរបាលជាន់ខ្ពស់មួយរូបនៅពីក្រោយខ្នង ឬជាអ្នកហាមឃាត់សមត្ថកិច្ចមិនឲ្យចាប់ខ្លួន ។

ក្នុងសំណុំរឿងនេះ ដែរ ជនជាប់ចោទឈ្មោះ ស្រេង វីរៈ គិតចាប់ពីចុងឆ្នាំ២០១៦ មកទល់បច្ចុប្បន្នត្រូវបានចៅក្រមកំណត់កាលបរិច្ឆេទជំនុំជម្រះចំនួន៥លើកមក ហើយ​ ។ ប៉ុន្តែត្រូវបានលើកពេលជម្រះរហូតដោយចៅក្រមថា ជនជាប់ចោទគ្មានមេធាវីការពារ ៕

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print