តារាវ័យក្មេងល្បីឈ្មោះធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ថ្ងៃចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីវ័យក្មេងជាច្រើនបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្រោយពីពួកគេបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបូរាណខ្មែរដើរកម្សាន្ត និងថតរូបយ៉ាងស្រស់ស្អាត ក្នុងបរិវេណតំបន់ប្រាសាទបូរាណខ្មែរនាទឹកដីនៃខេត្តសៀមរាប។
​តារាសម្តែងទាំងនោះមានដូចជាកញ្ញា ដាវណ្ណ ចេន្នី , កញ្ញា ម៉ារី កុមារាដាវណ្ណ រីគី, កុមារី ជី ឈីញលីន VJ វិជ្ជា , លោក កង ដារ៉ាបូរី ជាដើម ដោយដឹកនាំដោយអ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅ អ្នកស្រី Red Rose ។ អ្នកស្រី ច័ន្ទ សោភ័ណ្ឌ បានបញ្ជាក់ថា អ្នកស្រី និងកូនៗ រួមទាំងមិត្តភ័ក្កិកូនអ្នកស្រីដែលពួកគេសុទ្ធតែជាអ្នកសិល្បៈវ័យក្មេងជំនាន់ក្រោយ បានធ្វើដំណើរចេញទៅកម្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបក្នុងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់តាំងពីថ្ងៃចូលឆ្នាំថ្ងៃទី១ ។ អ្នកស្រីបន្តថាក៏មានភ្ញៀវទេសចរណ៍ខ្លះយល់ច្រឡំថាជាការថតPre-Wedding តាមការពិតគឺ ដោយសារចង់រក្សាទុកនូវរូបថតអនុស្សារីយ៍ និងចូលរួមលើកស្ទូយសិល្បៈសម្លៀកបំពាក់ខ្មែរបុរាណ អ្នកស្រី និងក្មេងៗបាននាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរបូរាណថតរូបកម្សាន្ត និងមានបំណងបង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានស្គាល់ អំពីសម្លៀកបំពាក់ដ៏វិសេសវិសាលនេះ។ អ្នកស្រីថាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍អំពីការស្លៀកពាក់នេះហើយក៏មានភ្ញៀវទេសចរណ៍ជាច្រើនសុំថតរូបរួមគ្នាជាអនុស្សាវរីយ៍ផងដែរ។ អ្នកស្រីថាពួកគាត់ជាសិល្បករជំនាន់ក្រោយមែនប៉ុន្តែមានទឹកចិត្តល្អ ស្រលាញ់ ថែរក្សាអភិរក្សសិល្បៈខ្មែរពិសេសពួកគេបានបង្ហាញពីមោទនភាពចំពោះការគ្រងសម្លៀកបំពាក់បូរាណថតរូបនឹងដើរកម្សាន្តក្នុងតំបន់ប្រាសាទបូរាណដ៏វិចិត្រដែលបន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់មុន។ អ្នកស្រីថាវាក៏ជាឱកាសជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ និងបណ្តុះស្មារតីស្រលាញ់ថែរក្សាការពារ អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងបង្ហាញថាយុវរជនជំនាន់ក្រោយនឹងនៅតែបន្តពុះពាររក្សាកេរមរតកវប្បធម៌ជាតិឲ្យបានល្អ បើទោះបីជាសម័យសង្គមបច្ចុប្បន្នមានការប្រែប្រួលលឿនខ្លាំងក៏ដោយ។ អ្នកស្រីបញ្ជាក់ដែរថា នេះគឺជាសកម្មភាពថ្មីប្លែកមួយដែលសិល្បករក្មេងៗបានរួមគ្នាធ្វើ បន្ទាប់ពីពួកគេបានចូលរួមសកម្មភាពសង្គមជាច្រើនបន្តបន្ទាប់កន្លងមកដូចជាការចុះចែកអំណោយដល់ជនក្រីក្រ ក្មេងអនាថា នៅតំបន់ចាក់សម្រាម ការស្ម័គ្រចិត្តចូលរួមកិច្ចការងារស្ម័គ្រចិត្តស្វែងរកមូនិធិជួយដល់ជនគ្មានទីពឹង និងការងារសប្បុរសធម៌ជាច្រើនទៀតផងដែរ។
​អ្នកស្រីបន្តថាមានសិល្បករក្មេងៗជាច្រើនទៀតដែលមានទឹកចិត្ត និងបង្ហាញពីឆន្ទៈជួយដល់កិច្ចការងារសង្គមទាំងនេះប៉ុន្តែដោយសារពួកគេជាប់រវល់ទទួលការងារទើបអវត្តមាន។ ជាមួយគ្នានេះអ្នកស្រី មានគម្រោងដឹកនាំសិល្បករជំនាន់ក្រោយទាំងនេះចូលរួមសកម្មភាពនានាមួយចំនួនទៀតដែលអាចជាគំរូមួយសម្រាប់មហាជន និងជួយដោយផ្ទាល់លើកិច្ចការងារសប្បុរសធម៌ចែករំលែកក្តីស្រលាញ់ ដល់មនុស្សនៅជុំវិញខ្លួនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print