វិភាគព័ត៍មានអន្តរជាតិ៖ អាមេរិកបញ្ជូនគណៈប្រតិភូទៅកាន់រុស្ស៊ី មុនពេលជំនួប លោកពូទីននិងគីមជុងអ៊ុន

ចែករំលែក៖

អាមេរិកកំពុងតែខិតខំជំរុញឲ្យរុស្ស៊ី​ ដាក់គំនាបទៅលើ​មេដឹកនាំគីមជុងអ៊ុន ឲ្យបោះបង់ កម្មវិធីបរមាណូ​ នៅក្នុងជំនួបកំពូល រវាងលោក ពូទីន និងគីមជុងអ៊ុន ដែលអាចនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ។ នៅពេលនេះអាមេរិកបានបញ្ជូនគណៈប្រតិភូទៅកាន់ រុស្ស៊ី ឲ្យបានមុនជំនួប លើកដំបូងរវាង ពូទីន​និងគីមជុងអ៊ុន ។
គណៈប្រតិភូអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង របស់អាមេរិកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្កូ ដើម្បីពិភាក្សាជាមួយរុស្ស៊ី មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន និងពូទីន នៅទីក្រុងមូស្កូ ជាលើកដំបូង ។
សារព័ត៌មាន CNN ​បានផ្សាយថា ប្រធានគណៈប្រតិភូអាមេរិកដឹកនាំដោយលោក​ Stephen Biegun ​និងក្រុមអ្នកឯកទេសស្តីពីបញ្ហាកូរ៉េខាងជើង​បានធ្វើដំណើរ ទៅកាន់ទីក្រុងមូស្កូ ក្រោយពេលមានព័ត៌មានថា លោកពូទីននឹងជួបពិភាក្សាជាមួយ លោក គីមជុងអ៊ុន​នៅចុងខែមេសានេះ ។
តាមសារព័ត៌មាន CNN​ការធ្វើដំណើរទៅកាន់ រុស្ស៊ីរបស់ លោក​ Biegun ​គឺដើម្បីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី ស្តីពី​ការរំសាយអាវុធបរមាណូ​នៅឧបទ្វីបកូរ៉េ​។ កន្លងមកជំនួបពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ​ត្រូវបានជាប់គាំង ក្រោយជំនួបកំពូលលើកទីពីរ រវាងលោកត្រាំ និង គីម ជុង អ៊ុន នៅទីក្រុង ហាណូយមិនមានលទ្ធផលអ្វីនោះឡើយ ។
កន្លងមករុស្ស៊ីបានគាំទ្រ​ឲ្យអាមេរិក លុបទណ្ឌមួយចំនួនដល់​កូរ៉េខាងជើង ដើម្បីផ្តល់ទំនុកចិត្ត ឲ្យកូរ៉េខាងជើង ដំណើរការរំសាយអាវុធបរមាណូ ។ ប៉ុន្តែអាមេរិក មិនយលព្រមនោះឡើយ ទើបធ្វើឲ្យ កិច្ចពិភាក្សាទាំងឡាយមិនទទួលបានជោគជ័យ ។
មកទល់ពេលនេះបើទោះបី ទីក្រុងមូស្កូ និង ព្យុងយ៉ាងមិនបានប្រកាសជាផ្លូវការនៅពេលវេលា ជួបពិភាក្សា រវាងលោកពូទីននិងគីម ជុងអ៊ុន ប៉ុន្តែមានព័ត៌មានជាច្រើនបានផ្សាយថា ជំនួបនឹងធ្វើឡើងនៅចុងខែមេសានេះ។ ជាមួយគ្នានេះ​លោកពូទីន បានឡើងគម្រោង ធ្វើដំណើរទៅកាន់តំបន់ភាគខាងកើតប្រទេស ជាប់ជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃទី​២៤ខែមេសា​ ហើយជំនួបអាចនឹងធ្វើឡើងនៅពេលនោះ ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធកូរ៉េខាងជើង នោះដែរ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានតាមដានដោយផ្ទាល់នៅការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ។ តាមសារព័ត៌មាន កូរ៉េខាងជើងនៅថ្ងៃទី​១៨ខែមេសាបានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានតាមដានដោយផ្ទាល់នៅ​ការសាកល្បង មីស៊ីល។ លោកគីមជុងអ៊ុន បានបញ្ជាក់ថា ការអភិវឌ្ឍន៍​កាំជ្រួចមីស៊ីល​ ខាងលើ គឺជាជំហានឆ្ពោះទៅមុខ យ៉ាង​ឆាប់រហ័ស ​ក្នុងការបង្កើតកម្លាំង​សម្រាប់ធ្វើសង្គ្រាមរបស់ទាហានកូរ៉េខាងជើង​។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា​​ មីស៊ីលថ្មីនេះ អាចបំពាក់ក្បាលគ្រាប់ ដែលមានកម្លាំងបំផ្លាញខ្លាំង ប៉ុន្តែមិនបានបញ្ជាក់ថា​ប្រភេទ អាវុធអ្វីនោះឡើយ ។​ ការសាកល្បង​មីស៊ីលខាងលើ​គឺជាសកម្មភាពថ្មីបំផុត បន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន ​នៅខែមេសាឆ្នាំ​២០១៨ បានប្រកាសថា កូរ៉េខាងជើង បានផ្អាកសាកល្បង អាវុធបរមាណូ និងមីស៊ីល​ឆ្លងទ្វីប។ ប៉ុន្តែក្រោយជំនួបពិភាក្សា បរាជ័យ​ជាមួយ​ប្រធានាធិបតីដូណាលត្រាំ នៅទីក្រុងហាណូយ ធ្វើឲ្យមេដឹកនាំគីមជុងអ៊ុន សម្រេច​បន្តកម្មវិធីមីស៊ីល ។
គេមិនទាន់ដឹងនៅឡើយថា តើកាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងពេលនេះ ជាប្រព័ន្ធមីស៊ីលដែលច្បាប់អន្តរជាតិហាមឃាត់ឬយ៉ាងណានោះទេ ។ អ្នកវិភាគកូរ៉េខាងត្បូងបានលើកឡើងថា ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងស្តីអំពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលនោះ ទំនងជាកាំជ្រួចមីស៊ីលធម្មតាប៉ុណ្ណោះ មិនមែនជាមីស៊ីល ballistic ដែលអន្តរជាតិហាមប្រាមនោះទេ ។

មន្ត្រីសេតវិមាន បានបញ្ជាក់ថា បានដឹងអំពីការសាកល្បងមីស៊ីលកូរ៉េខាងជើងពេលនេះផងដែរ ប៉ុន្តែគ្មានអ្វីដែលត្រូវលើកឡើងជាមួយបណ្តាញសារព័ត៌មាននោះទេ ហើយមន្ទីរបង់តាហ្គូនក៏ដូចគ្នា ៕

...

ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print