ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ខណៈការព្យាកររកឃើញថា ចាប់ពីថ្ងៃទី១៨-២៤ ខែមេសា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ ដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១៩ ខែមេសាទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនឹងចុះខ្សោយ ។
ចាប់ពីថ្ងៃទី១៩-២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួន ភ្លៀងកក់ខែចុះខ្សោយ អាចនឹងមានកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ។ ចំណែកសីតុណ្ហភាពអតិបរិមានឹងបន្តកើនឡើង ក្នុងចន្លោះពី៣៧-៤០អង្សាសេ ។
ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់បងប្អូនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ៕
...