ស្លាប់និងរបួសកើនឡើងជាង ២០០នាក់នៅក្នុងគ្រោះទឹកជំនន់ ប្រទេសប៉ាគីស្ថាន

ចែករំលែក៖

ប្រទេសប៉ាគីស្ថាន៖ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានគ្រោះទឹកជំនន់វាយប្រហារប៉ាគីស្ថាន សម្លាប់មនុស្សដល់ទៅ៤៩នាក់ហើយមកទល់ពេលនេះ និង មានអ្នករងរបួសដល់ទៅ ១៧៦នាក់ ។
ក្រុមជួយសង្គ្រោះបានខិតខំ ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ឲ្យបានទាន់ពេលវេលា ។ ចំណែកមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន(NDMA) កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា ជំនន់ទឹកភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស៤៩នាក់ និង១៧៦នាក់រងរបួស ។
ប្រភពបន្តថា ភ្លៀងធ្លាក់ខ្លាំងនេះ បន្តពេលវេលា៣ថ្ងៃជាប់គ្នា ធ្វើឲ្យលំនៅឋានប្រជាជនយ៉ាងតិច១១៧ខ្នងខូចខាត ។ ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេស និងខេត្តភាគខាងកើត Punjab ជាទីកន្លែងរងគ្រោះធ្ងន់ជាងគេ ដែលមនុស្សរហូតដល់៣៣នាក់បានបាត់បង់ជីវិត។ នៅខេត្ត Balochistan ភាគនិរតីនោះវិញ មនុស្ស១១នាក់បានស្លាប់ ខណៈខេត្ត Sindh ភាគខាងត្បូង មនុស្ស៥នាក់ទៀតបានបាត់បង់ជីវិត ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិតភាគច្រើនដោយសារតែបាក់រលំដំបូលផ្ទះ ហើយនិងត្រូវចរន្តអគ្គិសនីឆក់ ។ ភ្លៀង ខ្យល់ ផ្គរ រន្ទះ បក់បោកដំណាលគ្នាធ្វើឲ្យដើមឈើជាច្រើនបាក់រលំ ហើយសូម្បីតែបង្គោលភ្លើង នៅតាមទីប្រជុំជនផ្សេងៗ ក៏មិនអាចធុនទ្រាំកម្លាំងខ្យល់នោះទេ ។ មនុស្សជាច្រើនសិបនាក់បានរងរបួសបន្តបន្ទាប់ ។ ជាមួយគ្នានេះដែរ ដំណាំកសិកម្ម ហូបផ្លែ ពោត សណ្តែកជាច្រើនរងការខូចខាត ជាពិសេសនៅក្នុងខេត្ត Punjab ។
នាយកដ្ឋានឧតុនិយមប៉ាគីស្ថានបានព្យាករណ៍ថា ភ្លៀង ហើយនិងផ្គររន្ទះ នៅតែបន្តកើតមាន ច្រើនកន្លែងនៅទូទាំងប្រទេស អំឡុងថ្ងៃខាងមុខនេះទៀត ។ ដូច្នេះពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្ន ៕

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print