កូរ៉េខាងជើង កំពុងតែដាក់គំនាបទៅលើអាមេរិកឲ្យលុបទណ្ឌកម្ម ដើម្បីដោះដូរនិងការរំសាយអាវុធ

ចែករំលែក៖

ក្រោយជំនួបពិភាក្សា លើកទីពីរជាមួយលោកត្រាំដោយមិនទទួលបានបានជោគជ័យ​ហើយលោកត្រាំ ទៅកាន់អាមេរិកវិញមុនពេលកំណត់។ នៅពេលនោះកូរ៉េខាងជើង បានស្នើអាមេរិកលុបទណ្ឌកម្ម មួយផ្នែកដើម្បីដោះដូរនិងការរំសាយទីតាំងបរមាណូ តែអាមេរិកមិនព្រម។

ក្រោយវិលទៅកាន់ប្រទេសវិញ មេដឹកនាំគីមជុងអ៊ុន បានចាប់ផ្តើម ឲ្យដំណើរការឡើងវិញនៅទីតាំង សាកល្បង កាំជ្រួចមីស៊ីល ដែលជាសកម្មភាពអាចបង្ករឲ្យមានភាពតានតឹងសាជាថ្មី ។​ ការដំណើរការឡើងវិញទីតាំងសាកល្បងមីស៊ីលគ្រាន់តែជា ការសង្ស័យប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី​១៧ខែមេសានេះ ការពិតបានបង្ហាញជារូបរាង ដោយកូរ៉េខាងជើង បានសាកល្បងមីស៊ីលនាំផ្លូវ ដោយជោគជ័យ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំគីមជុងអ៊ុន ។

តាមពិតកូរ៉េខាងជើង មិនចង់អភិវឌ្ឍន៍កម្មវិធីអាវុធនោះឡើយ ដោយចង់ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជួយដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ ប៉ុន្តែ​ប្រសិន​អាមេរិក មិនព្រម លុបទណ្ឌកម្ម ​ដើម្បីដោះដូរនិង ការរំសាយអាវុធនោះទេ ហើយបន្តដាក់គំនាបដោយទណ្ឌកម្មនោះកូរ៉េខាងជើងនៅតែបន្ត កម្មវិធីបរមាណូ មីស៊ីលដដែល ។

ពេលថ្មីៗនេះ​មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានកោះប្រជុំ កំពូល នៃគណកម្មាធិការនយោបាយ បក្សកុម្មុយនីស្តកូរ៉េខាងជើង បានរៀបចំបន្ទាន់ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រភពដដែល បញ្ជាក់ទៀតថា ក្នុងពេលប្រជុំ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ទៅសមាជិក នៃគណកម្មាធិការមជ្ឈឹមបក្ស ថា ត្រូវតែប្រកាន់គោលជំហរឲ្យរឹងមាំ ដើម្បីការពារបដិវត្តន៍ ក្នុងស្ថានភាពដែលតានតឹង នាពេលបច្ចុប្បន្ន ហើយនឹងត្រូវដើរតាមមាគ៌ានយោបាយសេដ្ឋកិច្ចសង្គមនិយមថ្មី ឲ្យបានខ្ជាប់ខ្ជួន។
សូមរំលឹកថា កាលពីខែមេសាឆ្នាំទៅមិញ គីម ជុងអ៊ុន បានដាក់ចុះនូវបន្ទាត់នយោបាយថ្មី ដែលសំដៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះថាផែនការអភិវឌ្ឍន៍សមត្ថភាព​នុយក្លេអ៊ែរ គឺកូរ៉េខាងជើង បានដើរដល់គោលដៅហើយ។ តាមការប៉ាន់ស្មាន វាគឺជាគំរូសេដ្ឋកិច្ចដែលបើកចំហរម្តងបន្តិច តាមរយៈការធ្វើយ៉ាងណា ឲ្យអាមេរិក និងសហគមន៍អន្តរជាតិ ដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីខ្លួន។

នៅពេលនេះដែរ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ត្រៀម​នឹងមាន​ជំនួប​ជា​មួយ​ប្រធានាធិបតី​អាមេរិក​ ​​លោក ដូណាល់ ត្រាំ ជា​ថ្មីម្តង​ទៀត ដែល​ត្រូវ​ជា​​លើក​ទីបី ដរាប​ណា​តែ​វ៉ាស៊ីនតោន​ប្តូរ​ឥរិយាបថ ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ចំពោះ​កូរ៉េខាង​ជើង។ នៅ​ចំពោះ​មុខ​សភា​ប្រជាជនកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​ បាន​ប្រកាសព្រម​រង់ចាំ​​ ​ដោយ​ទុក​ពេល​រហូត​ដល់​ចុង​ឆ្នាំ​២០១៩ ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​សម្រេច​ចិត្ត​​ដ៏​ក្លាហាន​មួយ ហ៊ាន​ប្តូរ​ឥរិយាបថ​ឱ្យ​ទន់​ភ្លន់​បន្តិច​ជាមួយ​កូរ៉េខាង​ជើង ដើម្បី​អាច​ឈាន​ទៅ​រក​ការ​បើក​ជំនួប​គីម-ត្រាំជា​លើក​ទី​បី។

ប្រមុខ​ដឹកនាំរបប​ព្យុងយ៉ាង បាន​គូស​បញ្ជាក់​ប្រាប់​សភា​កូរ៉េខាង​ជើង​ទៀតថា ​ជំនួប​នៅ​ទីក្រុង​ហាណូយ បាន​រំលេចចេញ​នូវ​សំណួរ​ជា​ច្រើន​​ទាក់​ទង​នឹងអ្វី​ដែល​​​កូរ៉េខាង​ជើង​បាន​ប្រកាន់​យក​នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈការ​ព្រម​ចូល​ចរចាដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​រំសាយ​កម្មវិធី​បាលីស្ទិក​និង​នុយក្លេអ៊ែរ ​ជាមួយ​អាមេរិក។ ​

លោក គីម ជុងអ៊ុន និង​លោក ​ដូណាល់ ត្រាំ បាន​ជួប​គ្នា​ ជា​លើក​ទី​មួយ​ និង​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃទី ១២ មិថុនា នៅសិង្ហបុរី និងជា​លើក​ទីពីរ ​នៅថ្ងៃ​ទី ២៧-២៨​កុម្ភៈ​ នៅ​ក្រុង​ហាណូយ តែ​​ត្រូវ​បរាជ័យ។ បើ​តាម​​​​​​​លោក ត្រាំ គឺ​មក​ពី​អាមេរិក​មិនអាច​​ទទួល​យក​សំណើ​របស់​​​ព្យុងយ៉ាងដែល​ទាមទារ​ឱ្យ​​​ដក​ទណ្ឌកម្មចេញ​ពី​កូរ៉េខាង​ជើង​ភ្លាម​។ បើ​តាម​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​វិញ នៅ​ហាណូយ លោក​ត្រាំ ចង់​ឱ្យ​មាន​ការ​ផ្ទេរ​អាវុធ​ និង​គ្រឿង​ចំហេះ​នុយក្លេអ៊ែរ​​កូរ៉េខាង​ជើង​ទៅ​អាមេរិក​។ ជា​សំណើ​ដែល​មិន​អាច​ធ្វើ​ទៅ​កើត​បាន​ឡើយ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កូរ៉េខាង​ជើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ ​នៅ​ចំពោះ​មុខ​ឆន្ទៈ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ផ្សា​ទំនាក់ទំនង​នឹង​គ្នា។ នេះ​បើ​តាម​សម្តី​របស់​ ​​គីម ជុងអ៊ុន ដែល​ចុះ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ជា​មួយ​នឹង​ការ​បញ្ជាក់​ទៀត​ថា បើ​អាមេរិក​មាន​គំនិត​បែប​នេះ ទោះ​ជួប​គ្នា​មួយ​រយ​-មួយ​ពាន់​ដង​ទៀត​ ក៏​មិន​សម្រេច​ផល​ដែល​ចង់​បាន​ពី​កូរ៉េខាង​ជើង​ឡើយ។

សូម​បញ្ជាក់​ថា​ចម្លើយ​តបរបស់​ព្យុងយ៉ាង​​ប្រកប​ដោយ​លក្ខខណ្ឌ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​បង្ហើប​ចេតនា​​កាលពីថ្ងៃ​ព្រហស្បតិ៍ ក្នុង​ពេលទទួល​ជួបលោក មូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង នៅសេតវិមាន​ ចង់​រៀប​ចំ​ជំនួប​ជា​លើក​ទី​បី​ ជាមួយ​ គីម ជុងអ៊ុន តែ​មិន​ចង់​ទាន់​លើក​ទណ្ឌកម្ម​ពី​កូរ៉េខាង​ជើង​ភ្លាមបាន​ឡើយ៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print