លោក ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តកីចក ក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយទទួលបាននូវការអនុញាត ពី លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមអមដំណើរដោយ លោក ប៉ែន ធីរ៉ុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ធ្វើការចុះពិនិត្យក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តកីចក ក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍។

សូមបញ្ជាក់ជូនថា ការចុះពិនិត្យរបស់គណៈប្រតិភូរក្នុងថ្ងៃនេះ គឺមានគោលបំណងដូចតទៅ៖

១- ពិនិត្យវឌ្ឍនៈភាពលើសកម្មភាពជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តកីចក ដែលបានអនុវត្តជាជំហានៗ ក្នុងពេលកន្លងមក ហើយដែលសម្រេចបានដូចតទៅ៖
– ធ្វើការជួសជុល និងស្តារឡើងវិញលើប្រព័ន្ធប្រឡាយមេបានចំនួន ៥៦,៧ គម អមដោយភ្លឺសងខាងក្រាលគ្រួសក្រហម។
– សាងសង់ប្រព័ន្ធប្រឡាយរងបានប្រវែងចំនួន ៣១ គម។
– សាងសង់បានប្រព័ន្ធប្រឡាយជើងក្អែបបានចំនួនជាច្រើនខ្សែ។
– សាងសង់សំណង់សិល្បៈការធំៗ និងតូច បានចំនួនជាច្រើនកន្លែង។

២- ធ្វើការអនុវត្តន៍ផែនការការងារលើកិច្ចអភិវឌ្ឍន៍បន្តដើម្បីធានាដល់ការ៖
– ការស្រោចស្រព្វលើផ្ទៃដីចំនួន ៥០០០០ ហិកតា ក្នុង៤ ស្រុក និងក្រុង ១ខាងលើ ក្នុងខេត្តស្វាយរៀង។
-ផ្តត់ផ្គង់ទឹកប្រើប្រាស់សំរាប់កសិកម្ម ឧស្សាហកម្មធំតូចមនុស្ស និងសត្វ ជាប្រចាំ ជាពិសេសធ្វើការផ្គត់ផ្គង់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត និងបណ្តាភូមិ ឃុំតាមព្រុំជួរដែន។

សកម្មភាពលើកិច្ចអភិវឌ្ឍន៍បន្ត នោះរួមមាន៖
ក- បន្តសាងសង់សំណង់សិល្បកាធំ និងតូច បន្ថែមទៀត។
ខ- បន្តសាងសង់ និងធ្វើអនុតរភាពលើប្រព័ន្ធប្រឡាយរង និងប្រព័ន្ធប្រឡាយជើងក្អែប បន្ថែមទៀត។
គ- បន្តធ្វើការសាងសង់ និងកែលំអលើសំណង់ទំនប់បង្ហៀរក្នុងតំបន់កូដ១០ លើស្ទឹងកំពង់ត្រាច និងទំនប់បង្ហៀរតំបន់ត្រង់ចំណុចកូដ ៩ លើស្ទឹងអន្លុងកី។

– បន្តសកម្មភាពជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តកីចក ដំណាក់កាលទី២ ដែលរួមមានការងារដូចខាងក្រោម៖
ក- សាងសង់សំណង់ទំនប់បង្ហៀរទី៣ លើស្ទឹងកំពង់ត្រាចត្រង់ចំណុចកូដ ៩ ជាប់នឹងព្រំដែនវៀតណាម។
ខ- សាងសង់ទំនប់បង្ហៀរទី៤ លើស្ទឹងអន្លុងកីត្រង់ចំណុចកូដ ៧ ដើម្បីការពារទឹក និងចាប់យកទឹកទន្លេក្រយ៉ូវរបស់វៀតណាម។ សំណង់នេះមានសារៈប្រយោជន៏ណាស់ និងមានយុទ្ធសាស្រ្តខ្ពស់បំផុតក្នុងវិស័យទឹកសំរាប់តំបន់ជាប់ព្រំដែន។
គ- ធ្វើការជួសជុលស្ថារឡើងវិញលើប្រព័ន្ធប្រឡាយមេ ដែលមានទំហំប្រហាក់ប្រហែលនឹងប្រឡាយមេកីចកដំណាក់កាលទី១ដែរ ក្នុងប្រវែងចំនួន ៤០ គម គិតចាប់ពីចំណុច ឃុំថ្នាមក ដោយប្រើដានចាស់ខ្លះៗ រហូតដល់ ស្រុកកំពង់រោទ៍។
ឃ- ផ្ទៃដីស្រោចស្រព និងទឹកប្រើប្រាស់សំរាប់ឧស្សាហកម្មធំតូច សំរាប់មនុស្ស និងសត្វនឹងកើនឡើងទ្វេរបន្ថែម ទៀត។

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកំលាំងកាយចិត្ត ធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តបណ្តាសកម្មភាពទាំងអស់នៃផែនការការងារខាងលើឲ្យទទួលបានជោគជ័យ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print