ចាន់ សម័យ ថាមិនប្រជែងក្មេងៗ តែនៅបម្រើអារម្មណ៍ទស្សនិកជន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងដែលទើបនឹងលេចមុខជាថ្មីក្រោយជួបរឿងរ៉ាវជីវភាពលំបាកនោះ បានបញ្ចេញបទចម្រៀង២បទ ក្នុងផលិតកម្មថ្មីរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រាគឺផលិតកម្ម Galaxy ។

ទោះទទួលបានការគាំទ្រ​ច្រើន​គួរ​សមនោះ​ក្តី​ ក៏តារាចម្រៀងរូបនេះ​បញ្ជាក់ថា ការវិលរកការងារសិល្បៈ​ជាថ្មី ដើម្បីជួយខ្លួនឯង គ្រួសារ និងតាមសំណូមពររបស់ទស្សនិកជន មិនមែនដើម្បីប្រជែងជាមួយសិល្បករជំនាន់ក្រោយនោះទេ។

ចាប់កាន់ក្បាលមេក្រូច្រៀងជាថ្មី លោកចាន់ សម័យ បានបង្ហើរសំនៀងក្នុងបទចម្រៀង២បទក្នុងផលិតកម្មថ្មីគឺបទមរតកដើម “បាត់ស្រីទៅណា?” និងបទ” ស្រីល្អដូចក្អែក”។ ក្រោយបញ្ចេញស្នាដៃទាំងនេះលោកហាក់ទទួលបានការចាប់អារម្មណ៍ជាថ្មីពីទស្សនិកជន។ បញ្ជាក់មុនពេលឡើងយន្តហោះរួមជាមួយតារាចម្រៀងប្រុសស្រីជំនាន់ក្រោយ១០រូបផ្សេងទៀតទៅច្រៀងរាំនៅប្រទេសកូរ៉េនោះ លោកចាន់ សម័យបញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលមានឱកាសលេចមុខជាថ្មី ក្រោយពីខកខានអស់ជាច្រើនឆ្នាំ។

តារារូបនេះបញ្ជាក់ថា ពិតជាត្រេកអររកអ្វី មកប្រៀប​បាន​ព្រោះតែទទួលបានការអញ្ជើញ​ជាហូរហែ​ពីសំណាក់ម្ចាស់កម្មវិធី​នានាទាំងក្នុង​និងក្រៅ​ស្រុក។ លោកថាការផ្តល់ឱកាសពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលើសពីអ្វីដែលលោករំពឹងទុក បន្ថែមពីការជួយដោយផ្ទាល់កន្លងមក។ លោកបញ្ជាក់ថាក្រោយចូលឆ្នាំថ្មីលោកក៏ត្រៀមបញ្ចេញបទចម្រៀងមួយចំនួនបន្ថែមទៀតដើម្បីបម្រើការកម្សាន្ត។ លោកថាបើទោះបីជាការចេញបទចម្រៀងថ្មីនៅពេលខាងមុខក្តីក៏លោកបញ្ជាក់ថាមិនមានបំណងប្រកួតប្រជែងជាមួយសិល្បករជំនាន់ក្រោយដែរ ព្រោះតែលោកយល់ថាបច្ចុប្បន្នមានសិល្បករវ័យក្មេងជំនាន់ក្រោយមានសមត្ថភាពច្រើន។

ងាកមកស្ថានភាពជំងឺឆ្អឹងខ្នងប្រចាំកាយវិញ តារាចម្រៀងរូបនេះបញ្ជាក់ថា លោកនៅតែបន្តពិនិត្យតាមដានព្យាបាលនៅឡើយ ខណៈដែលពេលនេះមាន​បងប្អូនខ្មែររស់​នៅប្រទេសបារាំងបានជួយផ្ញើឱសថតល្អៗមកមួយចំនួនដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងដើម្បីប្រាកដថាអាចយកមកព្យាបាលជំងឺលោកបានដែរឬយ៉ាងណា។

ទោះជាយ៉ាងណាលោកនៅតែមិនភ្លេចគុណបំណាច់ដែលសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលបានជួយលើកទឹកចិត្ត និងផ្តល់ជាថវិកាជួយសម្រួលដល់លោកក្នុងគ្រាលំបាកនោះផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print