របួសធ្ងន់ ២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបរម៉ូតូ និងគោយន្ដ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ បុរសម្នាក់ចំនួន ២នាក់បានរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ បុកគោយន្តកន្រ្តៃក្រឡាប់ផ្ញាជើងច្រងាង នៅគ្រាដែលគោ​យន្ដកន្រ្តៃបត់ទទឹងផ្លូវថ្នល់ ។
 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ  បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកបត់ចូលវត្ត​ពោធិ៍អណ្ដែត ស្ថិតក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
 របាយការណ៍នគរបាលស្រុកក្រគរឃើញថា មុនដំដូងគេឃើញម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1EU 4126 បើកបរដោយឈ្មោះ ឈួន សាវង្ស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ង៉ុយ សំរេច ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ជនរងរបួសធ្ងន់ទាំង ២នាក់ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកគោយន្តកន្រ្តៃពេញទំហឹង នៅគ្រាដែលអ្នកបើកបរ​គោយន្ដកន្រ្តៃធ្វើចរាចរណ៍ច្រាស់ទិសគ្នា ហើយបានបត់ក្នុងគោលបំណងចូលក្នុងវត្ត បណ្ដាលឲ្យភាគីខាងម៉ូតូដួលរបួសរដូករណែល ចំណែកគោយន្ដកន្រ្តៃក្រឡាប់ផ្ញាជើងឡើងលើច្រងាង ។
 របាយការណ៍នគរបាលដដែលបន្តថា ភាគីបើកបរគោយន្ដកន្រ្តៃឈ្មោះ ម៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា(រត់គេចបាត់) ជនរងរបួសសមត្តកិច្ចជួយសម្រួលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងគោយន្ដកន្រ្តៃសមត្ថកិច្ចនគរបាល យកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print