ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារនៃប្រទេសចិន។
លោក Qin Yizhi បានគោរពថ្លែងអំណរគុណ និងជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន គឺមានតាំងពីជាង២០០០ឆ្នាំ មកហើយ ដែលបានស្ថាបនាឡើងដោយបុព្វបុរសនៃប្រទេសទាំងពីរបន្សល់ទុកឲ្យយើងមកដល់សព្វថ្ងៃ។ លើសពីនេះទៅទៀត ប្រទេសយើងទាំងពីរក៏កំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរអំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើនដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Qin បានបញ្ជាក់ថា ជាភ័ព្វសំណាងណាស់ដែលប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានដាក់ចេញនូវនយោបាយយ៉ាងត្រឹមត្រូវដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ ស្របជាមួយនឹងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។ តាមរយៈទំនាក់ទំនងដ៏ល្អ និងគោលនយោបាយត្រឹមត្រូវនេះ បានធ្វើអោយកម្ពុជាទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះមានវិស័យកសិកម្ម វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនឹងនេះ លោក Qin នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗទៅកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន។
លោក Qin បានគោរពជូនសម្តេចតេជោផងដែរ ថានៅឆ្នាំ ២០១៦ គឺរូបលោកមានកិច្ចប្រតិបត្តិការ និងបានសហការជាមួយ ឯ.ឧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង សិប្បកម្ម ដោយបានចុះហត្ថលេខាលើអនុសារណៈ និងឯកសារមួយចំនួនផងដែរ។ នៅឆ្នាំ២០១៧ រាល់កិច្ចការដែលបានចុះហត្ថលេខាកន្លងមក គឺទទួលបានការអនុវត្តជាបន្តបន្ទាប់ ជាមួយនោះផងដែរ ក៏មានការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ ដោយមានវគ្គសិក្សាខ្លី និងវគ្គសិក្សារយៈពេលវែង។ លោក Qin ក៏បានជម្រាបជូន សម្តេចតេជោបន្តទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់រូបលោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សាបន្ថែមទៀត ជាពិសេសដើម្បីជំរុញការនាំចេញផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Qin Yizhi ដែលបានលើកឡើងពីទំនាក់ទំនងយ៉ាងល្អរវាងប្រទេសយើងទាំងពីរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានស្នើសុំឲ្យលោក Qui បន្តហការល្អជាមួយភាគីកម្ពុជាដើម្បី ជួយត្រួតពិនិត្យធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាអាចនាំចេញទៅប្រទេសចិនបានកាន់តែច្រើន ជាពិសេសតាម រយៈពង្រឹងការពិនិត្យចត្តាឡីសក្តិ និងភូតគាអនាម័យលើដំណាំកសិផលរបស់កម្ពុជា ។ ជាងនេះទៅទៀតសម្តចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រយ៉ាងខ្លាំដល់ក្រសួងនៃប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការវាងក្រសួងនៃប្រទេសទាំងពីរឲ្យកាន់តែល្អរឹងមាំថែមទៀត។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់វិនិយោគ គិនចិនអោយបន្តការវិនិយោគជាមួយនឹងជំនឿទុកចិត្តខ្ពស់មកលើការដឹកនាំរបស់ សម្តេចផ្ទាល់ និងការគាំទ្រនិងចង្អុលបង្ហាញរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចាត់ទុកគ្នាជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដែលស្ថិតស្ថេររឹងមាំជាដរាប។ កម្ពុជាអរគុណប្រទេសចិន ប្រជាជនចិន និងរដ្ឋាភិបាលចិនដែលបានជួយកម្ពុជាអោយរីកចម្រើនមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីជម្រាបជូន លោក Qin ផងដែរអំពីគម្រោងអញ្ជើញទៅចូលរួមកិច្ចប្រជុំផ្លូវ១ ខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ មេសា ខាងមុខនេះ ដែលសម្តេចតេជោ គ្រោងនឹងអញ្ជើញជួប លោកប្រធានាធិបតីចិន ស៊ីជីន ពីង និងលោកនាយករដ្ឋមន្រ្តីចិន លី ឃឺជាំង ផងដែរ៕