ភ្នំពេញ ៖ បុរសម្នាក់បានរបួសធ្ងន់ធ្លាយពោះចេញឈាមស្រោចពេញខ្លួន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ខណៈដែលទាស់ពាក្យសម្តីគ្នាជាមួយយុវជនម្នាក់ គ្រាន់តែរឿងជះទឹកក្បែរកន្លែងចង់អង្រឹងដេក ធ្វើឲ្យយុវជននោះខឹងប្រើកូនកាំបិតចុងស្រួចចាក់ទាំងកំរោល ។
ករណីហិង្សាខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ាន់ ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរគ្មាន (ជាប់សារធាតុញៀនក្នុងខ្លួន) ស្នាក់នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមប្រភពពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូ ឌុបមិត្តភក្តិទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូសុំទឹកគេផឹក រួចជះទឹកទៅក្បែរកន្លែងជន សង្ស័យកំពុងដេកលើអង្រឹង ពេលនោះជនសង្ស័យសួរថា ម៉េចបងឯងជះទឹកដាក់កន្លែងខ្ញុំដេកអីចឹង? រួចក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកកូនកាំបិត ចុងស្រួចចាក់ទៅលើជនរងគ្រោះចំពោះរបួសធ្ងន់ រួចជនសង្ស័យរត់គេចខ្លួនយក កូនកាំបិតបោះចោលក្នុងព្រៃបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកច្បារអំពៅដេរ៥ ថ្នេរ ។ រហូតដល់ម៉ោង៩យប់ ថ្ងៃដដែលសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យនៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធី ៕ សណ្ដោស
...