ខេត្តកំពត៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យបទល្មើសនៅខេត្តកំពត ក្នុងនោះមានការចូលរួមពីលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ត្រីជំនាញពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីជំនាញក្នុងខេត្ត ។
កិច្ចប្រជុំនេះផងដែរ មានការឯកភាពពីគណៈបញ្ជាការឯកភាពខេត្តដើម្បីផ្សព្វផ្សាយពង្រឹងលើការងារសន្តិសុខដោយយល់ឃើញថា កន្លងមក នៅខេត្តកំពតមានបទល្មើសកើនឡើងជាញឹកញាប់ ដូចជាករណីប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម ហើយការបង្ក្រាបពុំមានការឆ្លើយតប ទើបលោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំកម្លាំងជំនាញផ្ទៃប្រទេសចុះមកធ្វើការងារដល់ខេត្ត និងត្រួតពិនិត្យលើការងារសន្តិសុខ ព្រមទាំងដាក់ផែនការឲ្យកម្លាំងចុះពិនិត្យស្រាវជ្រាវ ស្រង់យកព័ត៌មានបង្ក្រាបបទល្មើសធ្វើយ៉ាងណាដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាអ្នកវិនិយោគទុន និងភ្ញៀវទេសចរណ៍អន្តរជាតិជាដើម ។
លោកឧត្តមសេនីយ៍ទោ ហុង វិណុល បានមានប្រសាសន៍ថា លោកចាត់ទុកចោរជាចោររួមរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់គ្នា ដោយចោរ មិនមែនជាភារកិច្ចរបស់ជំនាញណាមួយក្នុងការបង្ក្រាបនោះទេ សំខាន់គឺយើងត្រូវសហការគ្នាធ្វើយ៉ាងណា បង្ក្រាបនិងទទួលខុសត្រូវតាមភារកិច្ចតួនាទី ពិសេសលោកបានសំណូមពរឲ្យមានការចូលរួមពីសមត្ថកិច្ចឲ្យបានផុសផុល និងពីប្រជាពលរដ្ឋ បង្ហាញនិងសូមអោយប្រជាពលរដ្ឋផ្តល់ព័ត៌មានចូលរួមសហការពីមុខសញ្ញាឬអត្តសញ្ញាណជនសង្ស័យ ដើម្បីឈានដល់ការបង្ក្រាប៕ សុខ ខេមរា