ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុន សែន បានជូនពរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលជាភរិយារបស់សម្តេចតេជោ ឲ្យមានសុខភាពល្អក្នុងឱកាសរីករាយនៃថ្ងៃកំណើត ហើយសម្តេចបានសរសេរថា កុំភ្លេចបូមខ្សល់ឱយបងផង ព្រោះមានតែអូនទេដែលមានសិទ្ធិផ្តាច់មុខបូមខ្សល់ឱយប្តី ។
សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាខួបកំណើតភរិយាខ្ញុំ គម្រប់៦១ឈានចូល៦២ឆ្នាំ(១៥ឆ្នូ១៩៥៤.១៥ធ្នូ២០១៥) ។
មុនចូលដល់រឿងរីករាយនៃថ្ងៃកំណើត បងចង់រំលឹករឿងឈឺចាប់ខ្លះក្នុងជីវិតប្តីប្រពន្ធរបស់យើងដើម្បីចែកជូនញាតិមិត្តបានជ្រាប។ រឿងយើងជួបគ្នានិងរៀបការបងនឹងផ្សព្វផ្សាយនាពេលខាងមុខ ។ រឿងកូនកំសត់ស្លាប់យ៉ាងវេទនាកាលពីថ្ងៃ១០ វិច្ឆិកា ១៩៧៦ បងបានសរសេរផ្សព្វផ្សាយរួចមកហើយ តែយើងនៅសល់រឿងរ៉ាវច្រើនណាស់ដែលកូនៗចៅៗយើងនិងបងប្អូនជនរួមជាតិចង់ដឹងចង់ឮពីប្រវត្តិនៃជីវិតប្ដី
ប្រពន្ធរបស់យើង។ បងចង់និយាយពីសោកនាដកម្មមួយទៀតដែលយើងព្រាត់គ្នានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្រោមទំនួញទុក្ខស្រីប្តីព្រាត់ នៅពេលដែលអូនកំពុងមានផ្ទៃពោះជាង៥ខែនៃកំណើតកូនម៉ាណែត។
បងអត់មានជំរើសឱយល្អជាងការងើបឡើងតស៊ូដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប៉ុល ពតបានទេហើយក៏មិន អាចនាំអូនទៅជាមួយបានដែរ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់។ មុនចេញដំណើរបងបានប្រឹងសរសេរសំបុត្រផ្ញើឱយអូនជាមួយទឹកភ្នែករាប់ពាន់ម៉ឺនដំណក់។សំបុត្រនោះបានទៅដល់ដៃអូននៅថ្ងៃទី២១មិថុនា១៩៧៧តាមរយះនឿននិរសារដែលមានចិត្តស្មោះត្រង់។
លិខិត២ទំពរ័សរសេរដោយដៃចំណុចដែលបងចាំមិនភ្លេចគឺនូវវគ្គដំបូងនិងវគ្គចុងក្រោយ។វគ្គដំបូង(មកដល់ប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវសំបុត្រនេះរូបបងកំពុងស្ថិតនៅយ៉ាងឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួនឯងនៅទីណាផង)។បងប្អូនអ្នកអានអាចឆ្ងល់ហេតុអ្វីមិនអាចដឹងបានថាខ្លួននៅទីណា? នេះហើយជាជីវិតនៃអ្នកតស៊ូដែលចាប់ផ្តើមចលនាថ្មីមិនដឹងស្លាប់ឬរស់? មិនដឹងទៅទិសខាងណា?។
វគ្គចុងក្រោយនៃលិខិត(បងសូមលាហើយលាដើម្បីជួបគ្នាវិញដោយគ្មានពេលកំណត់)។ឃ្លាចុងក្រោយបង្កប់ដោយន័យមានសង្ឃឹមផងនិងគ្មានសង្ឃឹមផង។ការព្រាត់លើកនេះមិនដឹងព្រាត់រស់ឬព្រាត់ស្លាប់។ចាកចោលប្រពន្ធនិងកូនក្នុងផ្ទៃជាមួយទឹកភ្នែករាល់ថ្ងៃដោយ អាណិតប្រពន្ធ អាណិតប្រជាជនដែលរបប ប៉ុល ពតធ្វើបាបនិងកាប់សម្លាប់រាល់ថ្ងៃ។
ថ្ងៃ៧មករា១៩៧៩បានផ្តល់ឱយប្រជាជនកម្ពុជាគ្រប់រូបដែលនៅសេសសល់ពីការ កាប់សម្លាប់បានរស់រានមានជីវិត បង្កើតកូន បង្កើតចៅយ៉ាងច្រើនក្នុងនោះក៏មានក្រុមគ្រួសារខ្ញុំដែរ។
ថ្ងៃនេះប្រពន្ធខ្ញុំអាយុគ្រប់៦១ឆ្នាំគាត់ជា មនុស្សស្រីស្អាតជាងគេសំរាប់ខ្ញុំ។ ឯខ្ញុំក៏ជាមនុស្សប្រុសស្អាតជាងគេសំរាប់គាត់។សំណាបយោងដី ស្រីយោងបុរស់ បងមានថ្ងៃនេះក៏មានចំណែករបស់អូនក្នុងនាមជាភរិយាល្អ ម្ដាយល្អនិងជីដូនល្អ។
ជូនពរអូនសុខភាពល្អ និងកុំភ្លេចបូមខ្សល់ឱយបងផង ព្រោះមានតែអូនទេដែលមានសិទ្ធិផ្តាច់មុខបូមខ្សល់ឱយប្តី» ៕