រឿងធ្វើនំអត់ម្សៅ ! មានបណ្តឹងចូលតុលាការប្តឹងឧកញ៉ាស្រី សុធា នាយកក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ ជាកូនប្រុស ទាមទារ១០ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅវិហារសួគ៌

ចែករំលែក៖

ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងប្រាប់អោយដឹងថា៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌមួយ ដែលប្តឹងឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG Group Co,Ltd និង ឧកញ៉ា ស្រី ចន្ធូ តំណាងក្រុមហ៊ុន 7NG ពាក់ព័ន្ធបទល្មើសឆបោក ដោយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ពាក់ព័ន្ធដីនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បណ្តឹងព្រហ្មទណ្ឌនេះ បានប្តឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលរហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
ដេីមបណ្តឹង សង្ឃឹមថា តុលាការនឹងចាត់ការបណ្តឹងនេះ ដោយតម្លាភាពនិងឆាប់រហ័សជាងនេះ ព្រោះមានរយៈពេលជាង១ឆ្នាំមកហើយ នៅពុំទាន់សម្រេចនៅឡើយទេ ។
សូមបញ្ជាក់ថា រឿងរ៉ាវនៃក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ា ស្រី ចន្ធូ ឥឡូវនេះកាន់តែល្បីរន្ទឺខ្លាំងហើយ ដោយសារតែក្រុមហ៊ុនលក់ដីតែគ្មានដីឱ្យអតិថិជន ដោយអតិថិជនខ្លះបង់រំលស់ដីរហូតដល់១០ឆ្នាំ ។ ប៉ុន្ដែទីបំផុត មិនដឹងជាដីនៅកន្លៀតណា ។
បន្ទាប់ពីសារព័ត៍មានផ្សព្វផ្សាយព័ត៌មាននេះ ស្រាប់តែពលរដ្ឋជាច្រើននាក់ អះអាងថា ក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ា ស្រី ចន្ធូ ជាក្រុមហ៊ុនធ្វើនំអត់ម្សៅ យ៉ាងពិតប្រាកដ ។
លោក Chet July និយាយថា “ខ្ញុំក៏ទិញដីរបស់ឧកញ៉ា ស្រី ចន្ធូ ដែរ ហេីយអោយលុយគ្រប់មិនបង់រំលោះ ហេីយយឺតមួយថ្ងៃ ពិន័យលុយ ។ ពីរឆ្នាំហេីយមិនឃើញដីនៅទីណាទេ តេីនេះចូលទង្វើ បទល្មើសអត់?” ។
ដោយឡែក Yun Rany និយាយថា “ខ្ញុំវិញបង់ផ្តាច់តាំងពីឆ្នាំ២០១៥ មកម៉្លេះ ពេលទៅសួរចង្អុលមេឃរហូត មិនដឹងដីខ្ញុំនៅទីណាទេ” ។
ជាមួយគ្នានេះ Chhorn Leakena រៀបរាប់ថា “បីឡូបង់បាន១ឆ្នាំកន្លះ ឃើញថាមិនសូវស្រួលបោះបង់ចោល ។ ទុកលុយទិញកាលីងឈូកហូបល្អជាងទិញខ្យល់” ។
នៅមានពលរដ្ឋជាច្រើននាក់ទៀត ដែលអះអាងថា បានចាញ់បោកក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ា ស្រី ចន្ធូ ។
អតិថិជនទាំងអស់ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចកុំព្រងើយប្រភពជុំវិញបញ្ហានេះ ដោយចាត់វិធានការផង កុំឱ្យក្រុមឈ្មួញទុច្ចរិត បន្តធ្វើព្យុះធ្វើភ្លៀង លេីវិស័យដីធ្លីនេះ ។
ឧកញ៉ា ស្រី ចន្ធូ អះអាងថា ចំពោះការយឺតយ៉ាវ លោកពិតជាទទួលស្គាល់ លោកក៏សូមអភ័យទោសចំពោះអតិថិជនដែលនៅមិនទាន់ទទួលបានដីឡូតិ៍ផងដែរ ព្រោះកិច្ចការដែលពួកលោកធ្វើ ទាំងអស់គ្នាត្រូវធ្វើគឺច្រើនណាស់ ដែលជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអតិថិជនរបស់លោកទាំងអស់ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print