ខេត្តបាត់ដំបង៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅខេត្តបាត់ដំបងទាំងព្រឹកព្រលឹមបណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។ អគ្គិភ័យត្រូវបានធ្វើការទប់ស្កាត់មិនឱ្យរាលដាលទៅឆាបឆេះផ្ទះប្រជាពលរដ្ឋអ្នកជិតខាងនៅក្បែរនោះបន្ថែមទៀតឡើយដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តទឹកចំនួន៣គ្រឿងចេញជួយអន្តរាគមន៍ចំណាយទឹក៧រថយន្តបានបាញ់ពន្លត់ភ្លើងឱ្យរលត់ទាំងស្រុង ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះតាមមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុមានស្ត្រីម្នាក់បានរែកនំបញ្ចុកដើរលក់តាមផ្លូវ ដោយមានកូនចង្ក្រាន១តូចសម្រាប់ដាក់កំដៅទឹកសម្លនំបញ្ចុកទៀតផង។ នៅពេលនោះម្ចាស់ផ្ទះដែលមានឈ្មោះស៊ុន បៀង ភេទស្រីអាយុ៥០ឆ្នាំ ប្រកបមុខរបរលក់សាំងដបរាយនិង លក់អីវាន់ហួយ បានហៅនំបញ្ចុកស្រ្តីរូបនោះទិញហូប ស្របពេលនោះកូនចៅម្ចាស់ផ្ទះកំពុងច្រកសាំងចូលដប ក៏បានកំពប់សាំងខ្ទាតទៅលើ ចង្ក្រានធ្យូងនំបញ្ចុក បង្កជាអគ្គិភ័យឆាបឆេះផ្ទះអ្នកលក់សាំង និងបានរាលដាលទៅឆេះផ្ទះអ្នកជិតខាង២ខ្នងទៀត បន្ទាប់ពីមានការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ពីសំណាក់រថយន្តទឹកចំនួន៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ម្ចាស់ផ្ទះអ្នកជិតខាងទាំង២ខ្នងដែលរងការឆាបឆេះ ត្រូវបានគេស្គាល់ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំ ប្រកបមុខរបរយោធា និង ឈ្មោះស៊ុន ស៊ុយ ភេទប្រុសអាយុ៦១ឆ្នាំ ប្រកបមុខរបរអាចារ្យវត្ត ។ ផ្ទះទាំង៣ខ្នងនេះត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយម្ចាស់ផ្ទះពុំបានយកទ្រព្យសម្បត្តិអ្វីចេញទាន់នោះឡើយ ។
ទ្រព្យសម្បត្តិរងការខូចខាតទៅលើម្ចាស់ផ្ទះឈ្មោះស៊ុន បៀង ដែលជាផ្ទះដើមចមបង្កជាអគ្គិភ័យ នៅផ្ទះទំហំ៦ម៉ែត្រគុណ២៥ម៉ែត្រ បាត់បង់មាសចំនួន៣តម្លឹង ប្រាក់ចំនួន៨រយដូល្លា ម៉ូតូ២គ្រឿង សរុបជាទឹកប្រាក់៣ម៉ឺនដូល្លា ។ ម្ចាស់ផ្ទះឈ្មោះស៊ុន ស៊ុយ បាត់បង់ទ្រព្យសម្បត្តិ នូវផ្ទះទំហំ៥ម៉ែត្រគុណ២៥ម៉ែត្រ ឆេះម៉ូតូ១គ្រឿង និងកង់ចំនួន១គ្រឿង ខូចខាតគិតជាទឹកប្រាក់២ម៉ឺនដូល្លា និងម្ចាស់ផ្ទះឈ្មោះ ធូ ប៊ុនធឿន គេមិនទាន់ដឹងរងការខូចខាតទ្រព្យសម្បត្តិប៉ុន្មាននៅឡើយនោះទេ ដោយម្ចាស់ផ្ទះចាក់សោចោលមិននៅផ្ទះ ។
ក្រោយពីអគ្គិភ័យបានពន្លត់រួចហើយសមត្ថកិច្ចកំពុងតែបន្តអនុវត្តតាមនីតិវិធី ហើយម្ចាស់ផ្ទះដើមចមបង្កជាអគ្គិភ័យនោះ សមត្ថកិច្ចគ្រោងនឹងកោះហៅដើម្បីយកមកសាកសួរ ៕
ដោយ៖ សំវិច្ឆិកា