លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាល ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងលោក អ៊ុំ រាត្រី ជំនួសវិញ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមមន្ដ្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក​ ព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូមគោរពសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយបែកធ្លាយស្ត្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ជាមួយលោក សួន បវរ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា  ៕ ដោយ ៖ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print