ប្រទេសប៉ារ៉ាហ្គាយ៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបង្កឲ្យមានគ្រោះទឹកជំនន់វាយប្រហារប្រទេសប៉ារ៉ាហ្គាយ បណ្តាលឲ្យពលរដ្ឋជាង៤ម៉ឺននាក់ បានជម្លៀសខ្លួនទៅរក ទីគោក មានសុវត្ថិភាព។ ផ្ទះពលរដ្ឋរាប់ពាន់ខ្នងត្រូវលិចលង់ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប៉ារ៉ាហ្គាយ បានបញ្ជាក់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ថា ប្រជាជនប្រហែល ៤ម៉ឺននាក់ អំឡុងសប្តាហ៍ថ្មីៗនេះ បានជម្លៀសខ្លួន ដោយសារតែគ្រោះទឹកជំនន់។ ទឹកបានកើនឡើងដោយសារជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងពេក នៅទូទាំងប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ ។
Joaquin Roa មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ារ៉ាហ្គាយបានបញ្ជាក់ថា មនុស្សជាង១ម៉ឺននាក់ ត្រូវបានជម្លៀស ទៅរស់នៅបណ្តោះអាសន្នក្នុងទីក្រុង Asuncion ។ ពួកគេត្រូវបានផ្លាស់ទីលំនៅ ទៅកាន់ទីទួលខ្ពស់ នៅឯមូលដ្ឋានបន្ទាយយោធា, នៅតាមទីលានសាធារណៈ និងនៅតាមផ្លូវថ្នល់ ។
ដោយឡែក ជនភៀសខ្លួនផ្សេងទៀត បានស្នាក់នៅបណ្តោះអាសន្នរាយប៉ាយទូទាំងប្រទេស តាមបណ្តោយទន្លេ ប៉ារ៉ាហ្គាយ ដែលកំពុងតែមានការកើនឡើងនូវជំនន់ទឹកភ្លៀង ។ កម្ពស់ធម្មតានៅដងទន្លេនេះ មានតែ៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ កម្ពស់ទឹកបានជន់ឡើងរហូតដល់៦.៩២ម៉ែត្រ ។ មូលហេតុទឹកជំនន់កើនឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលតាំងពីខែមីនា ឆ្នាំ២០១៩មកម្ល៉េះ នោះ
លោក Carlos Jiménez មន្ត្រីម្នាក់នៅសមាគមចិញ្ចឹមសត្វក្នុងតំបន់ Bajo Chaco បាននិយាយថា សត្វចិញ្ចឹមប្រហែល 480.000 ក្បាល បាននិងកំពុងស្ថិតនៅក្នុងទឹក ។ សត្វចិញ្ចឹមខ្លះទៀត ស្ថិតនៅទីតាំងតូចចង្អេត នៅលើទីទួលខ្ពស់ ផុតពីទឹកជំនន់ ៕
ដោយ៖ មែវ សាធី