ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជាក្រោយពីលោក ប៉ាន់ រិទ្ធីសមិទ្ធិករភាពយន្តខ្មែរ ត្រូវបានមហោស្រពភាពយន្តអន្តរជាតិ កាន ឆ្នាំ២០១៩(72e Festival de Cannes)ជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេប្រយោគសម្រាប់រង្វាន់ កាម៉េរ៉ា មាស la Caméra d’or ។
មហោស្រពភាពយន្តអន្តរជាតិកាន បានប្រកាសនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៩នេះ ថាលោកលោកប៉ាន់ រិទ្ធី នឹងធ្វើជាប្រធានគណៈមេប្រយោគសម្រាប់រង្វាន់ កាម៉េរ៉ាមាស របស់មហោស្រពដែលត្រូវចាប់ផ្តើមបើកទ្វារ ពីថ្ងៃទី ១៤ ឧសភាដល់ថ្ងៃទី ២៥ឧសភានេះនៅទីក្រុងកានប្រទេសបារាំង។ រង្វាន់ កាម៉េរ៉ាមាស នឹងត្រូវផ្តល់ដល់ម្ចាស់ភាពយន្តណាដែលដាក់ប្រកួត ខ្សែ ភាពយន្តខ្នាតវែងរបស់ខ្លួននៅក្នុងមហោស្រព។ យោងតាមហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួមអបអរសាទរដល់លផលិតករដ៏ឆ្នើមរបស់កម្ពុជា លោក រិទ្ធី ប៉ាន់ ដែលមានអត្ថន័យយ៉ាងដូច្នេះថា «អបអរសាទរផលិតករភាពយន្តខ្មែដ៏ឆ្នើម លោក រិទ្ធី ប៉ាន់ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិកាន ២០១៩ លើកទី៧២ (72e Festival de Cannes) ជ្រើសរើសជាប្រធានគណៈមេប្រយោគសម្រាប់ពានរង្វាន់ កាម៉េរ៉ាមាស ( La Caméra d’or ) ក្នុងមហោស្រពភាពយន្តដ៏ធំបំផុតរបស់ពិភពលោក»។ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏បានបង្ហាញក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដែល លោក រិទ្ធី ប៉ាន់ ទទួលបានក្នុងនាមជាជនជាតិខ្មែរដំបូងគេលើឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ដែរថា លោកប៉ាន់ រិទ្ធី ស្ថាបនិក របស់មជ្ឈមណ្ឌលបុប្ផាណា និងជាអ្នកផលិតករភាពយន្ត ចូលរួមផលិតជាមួយតារាភាពយន្តហូលីវូដ លោកស្រី Angelina Jolie សម្រាប់ខ្សែភាពយន្ត “មុនដំបូងគេសម្លាប់ឪពុកខ្ញុំ“។ លោកធ្លាប់បានទទួលរង្វាន់ម្តងហើយ កាលពីឆ្នាំ២០១៣ នៅមហោស្រពភាពយន្ត កាន គឺរង្វាន់ ស៊ែរតាំង រឺហ្កា Certain Regard សម្រាប់ខ្សែភាពយន្តឯកសាររបស់លោកឈ្មោះ កង្វះរូបភាព ។រឿងកង្វះរូបភាពដែលត្រូវបានជ្រើសរើសផងដែរសម្រាប់ការប្រកួតយករង្វាន់ អូស្កា។ ខ្សែភាពយន្តចុងក្រោយរបស់លោក គឺរឿង ផ្នូរដែលគ្មានឈ្មោះ ផលិតនៅឆ្នាំ ២០១៨ ដែលនិយាយពីផលវិបាករបស់អំពើប្រល័យពូជសាសន៍ខ្មែរក្រហម៕ ដោយ វឌ្ឍនា