ព្រោះតែនាងបង្ខំឲ្យលែងប្រពន្ធ ទើបសម្រេចចិត្តសម្លាប់ក្នុងផ្ទះសំណាក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ជា ឃាតក ដែលយកខ្សែកាបូបរឹតកសម្លាប់ ស្រីស្នេហ៍ ពេលនាំគ្នាឡើងផ្ទះសំណាក់ ដើម្បីរួមរ័កត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃសុក្រ ៧កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៩ នៅភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកង​ រាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍​ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងដោយមានការសម្រប សម្រួល ពីលោកព្រះរាជអាជ្ញា អមសាលា ដំបូង ខេត្តព្រៃវែងនិងលោកព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកណ្តាល កម្លាំងមន្ទីរ យុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹក នាំដោយលោកផ្ទាល់ បានសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងសហការជា មួយកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះស្រាវជ្រាវជនសង្ស័យ ក្នុងករណីឃាតកម្មនេះដោយជោគជ័យ ។
លោកប្រធានមន្ទីរបានឲ្យដឹងថា ឃាតក ឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ សួន ឧស្សាហកម្មសំរោងធំ មានទីលំនៅ ភូមិ ជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(មានប្រពន្ធកូន)បានរឹតក សម្លាប់ស្រីស្នេហ៍ឈ្មោះ ផែ ស្រីម៉ាក់ អាយុ ២៥ឆ្នាំ មុខរបរចុងភៅស្ថាប័ន គយប្រចាំ នៅអ្នកលឿង រស់នៅភូមិព្រែកបាក់ ឃុំ ព្រែកទម្លាប់ ស្រុកលើកដែក ខេត្ត កណ្តាល ដែលមានស្វាមីជាមន្រី្តកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានកូនម្នាក់រស់នៅក្នុង បន្ទុក។ ឃាតកម្មនេះបានកើតឡើង​ង កាលវេលាម៉ោង៣និង៤២ នាទីរសៀល ថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់រំចង់ បន្ទប់លេខ២០៧ ស្ថិត នៅ​ភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏​ខេត្តព្រៃវែង។ ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌ខ្មៅមួយគ្រឿង​របស់ឃាតកដែលក្រោយធ្វើសកម្មភាពរួចគេបិទស្តុតពណ៌ប្រាក់និងដូរតែមពីស៊េរី​ឆ្នាំ២០១៧ ឡើងស៊េរីឆ្នាំ២០១៩ ពាក់​ស្លាក​លេខព្រៃវែង ២L ៦៩៦៦ ដែលដោះ​ស្លាកលេខនេះមកលាក់ ក្រោមកែបម៉ូតូ និងទូរស័ព្ទដៃម៉ាកអូប៉ូប្រើស៊ីម២ពណ៌ខ្មៅមួយគ្រឿង ។
បើតាមការអះអាងរបស់ម្ចាស់ផ្ទះ សំណាក់​រំចង់បានឲ្យដឹងថា នៅវេលា ម៉ោង​៣រសៀល ស្ត្រីរងគ្រោះរួមជាមួយនឹងបុរសម្នាក់ជិះម៉ូតូម្នាក់មួយ បានមកជួល បន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោង។ ​លុះមួយម៉ោងក្រោយមក ក៏ឃើញបុរស ម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុង អាកប្បកិរិយាប្រញាប់ប្រញាល់និងភ័យ ស្លន់ស្លោ។ដោយមានការសង្ស័យគាត់ក៏ ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោ ឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍។
តាមចម្លើយ ជនសង្ស័យជាឃាតកបាន សារភាពប្រាប់សមត្ថកិច្ចថា រវាងរូបគេ និងស្រី្តរងគ្រោះស្រលាញ់គ្នាលួចលាក់យូរឆ្នាំមកហើយនិងធ្លាប់ណាត់គ្នារួមមេត្រីនៅតាមផ្ទះសំណាក់ ច្រើនដងហើយដែរ គ្រាដែល​ខ្លួន​មានប្រពន្ធ និងស្រីស្នេហ៍ក៏ មានប្តី​និង​កូនរួចហើយដែរ ។ នៅថ្ងៃកើតហេតុពេលណាត់មកជួបគ្នានៅផ្ទះ សំណាក់រំចង់ រូប​គេ​និងស្រីស្នេហ៍ មិនទាន់បានរួមរ័កជាមួយ​គ្នាទេ ដោយនាងជាសង្សារជជែកជំរុញឲ្យខ្លួនលែងប្រពន្ធ ដើម្បី មករួមរស់នៅជាមួយគ្នាហើយនាងសន្យាថានឹងលែងលះប្តីដែរ ។ សំណូមពរនេះត្រូវខ្លួនប្រកែកមិនអាចធ្វើទៅបានក៏កើតមានទំនាស់គ្នានៅក្នុងផ្ទះ សំណាក់ហើយបានប្រតាយប្រតប់គ្នារហូតដល់ខ្លួនខឹងទ្រាំលែងបានក៏ស្រវាយកខ្សែកាបូបមករឹតក ជនរង គ្រោះបណ្តាលឲ្យ សន្លប់ រួចទាញម៉ូតូជិះទៅផ្ទះវិញតែមិននឹកស្មានថានាងស្លាប់នោះឡើយ ។
ឃាតករូបនេះបានសារភាពទៀតថា អំពើឃាតកម្មនេះខ្លួនមិនបានយករបស់ របរ ឬ គ្រឿង អលង្ការស្រីស្នេហ៍ហើយគេច ខ្លួននោះទេ ។
បច្ចុប្បន្ន ជនសង្ស័យជាឃាតកនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ឆ ដា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print