ខេត្តកែបកាប់ឆៅលើសេវាទេសចរណ៍សូម្បីតែជិះរថយន្តជុំវិញខេត្ត ត្រូវចំណាយលុយអស់ ៤០០០៛ដែរ

ចែករំលែក៖

ខេត្តកែប៖ ប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅលេងខេត្តកែប បាននាំគ្នារិះគន់ថា អ្នកលក់ដូរនៅតាមរមណីយដ្ឋានខេត្តកែបមួយចំនួនកំពុងលក់ដូរកាប់ឆៅ ពោលគឺលក់ក្នុងតម្លៃខ្ពស់កប់ពពក និងសេវាកម្មផ្សេងៗទៀតក៏មិនធម្មតាដែរ ។ សកម្មភាព​បែបនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិសំណូមពរដល់លោក កែន សត្ថា អភិបាលខេត្តកែប ទាក់ទងនឹងសេវាកម្មលក់ដូរ នៅខេត្តរបស់លោក មានតម្លៃថ្លៃកប់ពពក ជាពិសេសក្នុងថ្ងៃមានពិធីបុណ្យផ្សេងៗតែម្តង។
ប្រជាពលរដ្ឋលើកឧទាហរណ៍ ដូចជាកន្លែងជួលកញ្ចុះអង្គុយលេងមួយ មានតម្លៃរហូតដល់ ១០$ ខណ:ថ្ងៃធម្មតា ៥$ប៉ុណ្ណោះ។ ចំណែកបង្គន់អនាម័យវិញ តម្លៃចូលម្ដង ១០០០៛ ប៉ុន្តែគ្មានអនាម័យ ខណ:ដែលគេដឹងថា បង្គន់អនាម័យនៅទីនោះ ជារបស់រដ្ឋ តែត្រូវដេញថ្លៃដោយឯកជន។
ប្រជាពលរដ្ឋលើកឡើងទៀតថា ជាងនេះទៅទៀត សូម្បីតែបើករថយន្តជុំវិញខេត្ត ក៏ត្រូវចំ​ណាយ​លុយអស់៤០០០រៀល ដែរ ដោយមានប័ណ្ណដាក់លើក្បាលរថយន្ត ចេញដោយក្រសួងសេដ្ឋកិច្ច និងមន្ទីរហិរញ្ញវត្ថុខេត្តកែប។ រីឯតម្លៃគ្រឿងសមុទ្រវិញ មានតម្លៃថ្លៃខ្ពស់ ហើយបើក្រទ្បេកមកមើល កន្លែងផ្ញើម៉ូតូ គឺមានតម្លៃដល់ទៅ ២០០០៛ ឯណោះ ។
ប្រជាពលរដ្ឋចង់ឲ្យលោកអភិបាលខេត្តកែប មេត្តាជួយជំរុញទៅខាងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្រោមឱវាទរបស់លោក ជួយកែតម្រូវតម្លែមួយ ឲ្យបានសមរម្យផង កុំឲ្យពលរដ្ឋទៅលេងម្ដងៗ មានការរិះគន់លើអាជ្ញាធរថា មិនអើពើពីបញ្ហានេះ ព្រោះខេត្តមួយនេះ មានសក្ដានុពលទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ ពីអាជ្ញាធរខេត្តកែបបានទេ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print