សិស្ស និស្សិត គ្រូបង្រៀន រាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រេស៊ីល

ចែករំលែក៖

ក្រុមសិស្ស និស្សិត និងគ្រូបង្រៀនរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម​ប្រឆាំង នឹង គម្រោងកាត់បន្ថយ​ប្រាក់ក្នុងវិស័យអប់រំ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យធនធានមនុស្សយ៉ាងសំខាន់បំផុតរបស់ជាតិ​។មហាបាតុកម្មនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយក្រុម សិស្ស និស្សិត និងគ្រូបង្រៀនរាប់ម៉ឺននាក់នៅទូទាំងប្រទេសប្រេស៊ីល បាននាំគ្នាដង្ហែក្បួន ធ្វើមហាបាតុកម្ម ប្រឆាំងតបតជាមួយរដ្ឋាភិបាល ប្រធានាធិបតី លោកJair Bolsonaro ដែលបានប្រកាសកាត់បន្ថយថវិកាសម្រាប់វិស័យអប់រំនោះ ។

សកម្មភាពខាងលើបានធ្វើឲ្យសាលារៀនជាច្រើនកន្លែង និងសាកលវិទ្យាល័យ ព្រមទាំងអនុវិទ្យាល័យទូទាំងរដ្ឋចំនួន២៧ របស់ប្រេស៊ីល បានប្រកាសបិទទ្វារបណ្តោះអាសន្ន ដោយសារតែបាតុកម្មនៅពេលនេះ ប្រឆាំងប្រធានាធិបតី មកពីគណបក្សស្តាំនិយម ទើបតែឡើងកាន់តំណែងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ប៉ុណ្ណោះ ។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតាមទីក្រុងធំៗ ដូចជាទីក្រុង Rio de Janeiro និងទីក្រុង Belo Horizonte របស់ប្រេស៊ីលផងដែរ ។

បាតុករចូលរួមក្នុងបាតុកម្មនេះ កាន់តែមានសន្ទុះច្រើនឡើងជាលំដាប់ ។ រដ្ឋាភិបាលបានប្រកាសកាត់បន្ថយទឹកប្រាក់រហូតដល់៣០ភាគរយ លើប្រាក់ឧបត្ថម្ភដែលបានបង់ទៅឲ្យសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋ ។ ក្រុមបាតុករបានលើកឡើងថា «គោលនយោបាយនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអប់រំ ហើយថា លោកប្រធានាធិបតីធ្វើដូច្នេះតាមខ្សែញាក់របស់ក្រុមអ្នកជំនាញ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ពីគម្រោងកាត់បន្ថយថវិកាអប់រំនេះ ។ លោកប្រធានាធិបតីល្ងង់ខ្មៅណាស់»។

ដោយឡែក លោកJair Bolsonaro បានចោទប្រកាន់ថា រលកបាតុកម្មនេះ គឺជាស្នាដៃរបស់ក្រុមឆ្វេងនិយមនៅប្រេស៊ីល ។ លោកបានថ្លែងពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ជាទីកន្លែងដែលលោក ទៅទទួលពានរង្វាន់ពីសភាពាណិជ្ជកម្មអាមេរិក – ប្រេស៊ីល ការពារគោលនយោបាយអប់រំរបស់លោកថា ទទួលបាននូវមរតក ពី”ប្រេស៊ីលដែលត្រូវបានបំផ្លិចបំផ្លាញដោយវិបត្តិសេដ្ឋកិច្ច” នោះ ។

លោកបានបន្ថែមថា ការកាត់បន្ថយថវិកាដ៏ចាំបាច់នេះ វាមានចំនួនទាបជាងការព្យាករ ។ ប៉ូលិសប្រេស៊ីលបានប៉ាន់ស្មានថា បាតុករប្រហែល១៥,០០០នាក់បានដើរដង្ហែក្បួននៅក្នុងរដ្ឋធានី Brasilia ខណៈដែលបាតុ ករប្រហែល២០,០០០នាក់ បានចូលរួមធ្វើបាតុកម្ម នៅតំបន់ភាគខាងជើងទីក្រុង Belem ។ក្រុមអ្នករៀបចំបាតុកម្មបានអះអាងថា មនុស្សចំនួន ៧០.០០០នាក់ បានដើរដង្ហែក្បួននៅទីប្រជុំជន Salvador ភាគខាងឦសាន ប្រទេស ។

ឧប្បត្តិហេតុដាច់ដោយឡែកបានកើតឡើង ដោយក្រុមប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅក្នុងទីក្រុងភាគខាងត្បូង Porto Alegre, រថយន្តក្រុងមួយ ត្រូវគេដុតបំផ្លាញ នៅពេលចុងបញ្ចប់នៃការហែក្បួននៅទីក្រុង រីអូ (Rio)នោះ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print