ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ លោកចៅសង្កាត់ទាំង៦ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ថ្ងៃទី ២០ ឧសភានេះ គឺជា“ទិវាជាតិនៃការចង់ចាំ” ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។
គោលបំណនៃទិវាជាតិនៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបជាបានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វគ្មានពេលសម្រាក ពេលគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារនិងមុខរបបរធ្វើទៅតាមសមត្ថភាពនិងចំណង់ចចំណូលចិត្តរៀងៗខ្លួនជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សជារៀងរហូត៕
ដោយ៖ តុង សីហា