ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេស របស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្ដិការឥស្លាម OIC

ចែករំលែក៖

ភ្នំពេញ: លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការសហប្រតិ​បត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានទទួលស្គាល់ជាផ្លូវការក្នុងការតែងតាំងជាបេសកជនពិសេសតំណាង ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទី១១ ដែលមានបេសកជន តំណាងប្រទេសប្រចាំនៅ OIC ដូចគ្នានេះ។

លិខិតរបស់លោក Yousef A Al Othaimeen អគ្គលេខាធិការអង្គការ OIC ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ឆ្លើយតបមក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការកោតសរសើរអំពីស្នាដៃ នៃការដឹកនាំប្រកប ដោយគតិបណ្ឌិត និងការអនុវត្តនូវគោលនយោបាយ សុខដុមបនីយកម្មរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  អគ្គលេខាធិការអង្គការ OIC ក៏បានស្វាគមន៍ការតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC។

ក្នុងខ្លឹមសារលិខិតដដែលនេះដែរ លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ថា តាមរយៈការតែងតាំងនេះ គឺពិតប្រាកដណាស់នឹងនាំមមកនូវទំនាក់ទំនងអោយកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសOIC ជាមួយព្រះរាជា​ណាចក្រកម្ពុជា ក៏ដូចជាការឈានទៅរកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនានាដែលចាំបាច់។

សូមបញ្ជាក់ថា៖ កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ា​ឌននៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខភ្ញៀវកិត្តិយសជាតិ បងប្អូនសាសនិកឥស្លាមជាង ៤,៧៥០នាក់ រួមជាមួយនឹង ភ្ញៀវអន្តរជាតិ ៣៦ ជាតិសាសន៍ ព្រមទាំងមានវត្តមានតំណាងរបស់ ឯកឧត្តមអគ្គលេខាធិការ OIC ផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC ។

អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation ) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឱ្យប្រជាជនជាង ១ ភាគ៥ នៅលើសកលលោក។  អង្គការ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN ។ ហើយអង្គការនេះ មានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន ១២ ( Bosnia and Herzegovina, Central African Republic, Kingdom of Thailand, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភានៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជា ជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។ ជាមួយគ្នានេះដែរក៏មានបេសកជនពិសេសជាតំណាងប្រទេស ចំនួន១០ (USA, French, Canada, UK, Sweden, Italy, Germany, Greece,Australia និងNetherlands)។

កន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន ៥៦ បានគាំទ្រ នៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខាធិ ការអង្គការ OICផងដែរ  ៕    ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print